រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា មានកិត្តិយសណាស់ ដោយសារ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គ តែងតែមានព្រះទ័យ សន្តោសអនុគ្រោះ ចូលរួមកសាង មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជាបន្តបន្ទាប់ និងតែងតែទទួលបាននូវព្រះរាជទ្រព្យរបស់ព្រះអង្គ ជារៀងរាល់ឆ្នាំ។
ដោយឡែកនាល្ងាចនេះ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គបានព្រះរាជទាននូវព្រះរាជទ្រព្យ ចំនួន ២០,០០០ដុល្លារអាមេរិក ជូនដល់ មហាសទ្ធាបុញ្ញាភិរ័ក្ខសិរីសីលាភិរ័តព្រឹទ្ធាចរិយានី ញឹក ប៊ុនថា ស្ថាបនិកមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីរួមចំណែកសាងសង់ព្រះចូឡាមណីចេតិយ ហើយ នេះជាលើកទី៣ហើយ ដែលព្រះអង្គ ទ្រង់សន្តោសប្រណីប្រោសប្រទានព្រះរាជទ្រព្យ ។
សូមប្រណម្យបួងសួងដល់ ទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ សូមព្រះអង្គស្តេចយាងប្រោសព្រះរាជទាន សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជបញ្ញាភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្ត នៃ ដែនកម្ពុជារដ្ឋ ៕