សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងនូវការកោតសរសើរ និងការលើកទឹកចិត្តចំពោះយោធិនទាំងអស់ ក្នុងកិច្ចការពារបូរណភាពទឹកដី និងបុព្វហេតុការពារសន្តិភាព
ព័ត៌មានជាតិ
237

នៅក្នុងសារលិខិតជូនពរ ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៥ នៃការបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ និងការលើកទឹកចិត្តដោយស្មោះចំពោះយោធិនទាំងអស់ ដែលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្ដាគ្រប់កងឯកភាពទូទាំង កងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារបូរណភាពទឹកដី ហើយក៏បានសហការយ៉ាងល្អប្រសើរជាមួយនឹង អាជ្ញាធរមូលដ្ឋាន ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងបុព្វហេតុការពារសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី និងរួមចំណែកដល់ដំណើរការអភិវឌ្ឍជាតិក្នុងពេលកន្លងមក ដែលជាពលិកម្មដ៏ធំធេង ដើម្បីជាតិមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាជន ក្នុងខណៈពេលដែលប្រទេសមួយចំនួនក្នុងពិភពលោក កំពុងប្រឈម និងរងគ្រោះ ដោយសារសង្គ្រាម អំពើរភេរវកម្ម នឹងព្រឹត្តិការណ៍អសន្តិសុខផ្សេងៗទៀត។

សម្តេចធិបតី បានបន្តថា គ្រប់ស្នាដៃ និងសមិទ្ធផលជាច្រើន ដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្រេចបាននាពេលកន្លងមកនេះ គឺពិតជាមិនអាចធ្វើបាននោះទេ ប្រសិនជាមិនមានការចូលរួមចំណែកពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យោធិន គ្រប់រូប ក្នុងការបំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហាន មោះមុត វិន័យម៉ឺងម៉ាត់ និងការប្តេជ្ញ ទទួលខុសត្រូវនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព៕  ប្រភព៖ ក្រសួងព័ត៍មាន


Telegram