ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ -- ខណៈ ណែនាំឱ្យ ឯកឧត្ដម ស ថេត ពិនិត្យរឹងបណ្ដឹង ការបើកបរសេពគ្រឿងស្រវឹងឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងពិធី “បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន”នារសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ មករា ២០២៤ សម្ដេចធិបតីហ៊ុន ម៉ាណែត ប្រកាសហាមពិធីករ ពិធីការិនី កុំធ្វើការផ្សព្វផ្សាយសកម្មភាពសេពគ្រឿងស្រវឹងនៅលើឆាកតន្ដ្រី។
សម្ដេចធិបតី បានក្រើនរម្លឹក គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវបញ្ឈប់ការហៅមនុស្សឱ្យឡើងទៅលើឆាក ហើយគាស់គ្រឿងស្រវឹង ដែលជាកំហុសខុសឆ្គងយ៉ាងខ្លាំង។ ចំណែកឯ ក្រមសីលធម៌ និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ត្រូវរួមគ្នាទប់ស្កាត់នៃការផ្សព្វផ្សាយគ្រឿងស្រវឹង និងស្នើឱ្យអ្នកសារព័ត៌មានបង្កើនការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងស្រវឹង។ លើសពីនេះទៅទៀត អ្នកសារព័ត៌មានទាំងអស់ត្រូវរួមគ្នារក្សាតម្លៃនិងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ជាប់ខ្ជួន។
សូមជម្រាបជូនថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនីតិកាលទី៦ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧នៃរដ្ឋសភា វិស័យព័ត៌មាន និងសោតទស្សន៍កាន់តែមានការរីកចម្រើនបន្ថែមទៀត ស្របតាមការវិវត្តរីកចម្រើននៃបច្ចេកវិទ្យា ព័ត៌មាននាពេលបច្ចុប្បន្ន។ ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពចម្រុះ និងគ្រប់ទស្សនៈ បាននិងកំពុងបំពេញតួ នាទីភារកិច្ចយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន ព្រឹត្តិការណ៏ ឬហេតុការផ្សេងៗ ដែលបានកើតឡើងទាំង ក្នុងប្រទេស និងពិភពលោក ។ បន្ថែមពីនេះ ភាពសម្បូរបែប នៃមធ្យោបាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា នាពេលបច្ចុប្បន្ន ក៍បានអនុញ្ញាតឱ្យសាធារណជនអាចទទួលបានព័ត៌មានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងផងដែរ៕ ប្រភព៖ ក្រសួងព័ត៍មាន