ព្រឹកនះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក
ព័ត៌មានជាតិ
314

នៅព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអប​អរសាទរ​ខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំងកងទ័ព និង​យុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។

ការរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ហាការដ្ឋាន​កង​ទ័ព​ជើងគោក ក្នុងស្មារតីរំលឹកឡើងវិញ នូវវីរភាពដ៏ថ្លៃថ្លារបស់វីរជន និងវីរយុទ្ធ​នារីកងទ័ពជើងគោក ដែលបានធ្វើពលីកម្ម ក្នុងបុព្វហេតុជាតិ មាតុភូមិ និង​ប្រជា​ជន ព្រមទាំងបន្តរួមចំណែកគោរព និងអនុវត្តនូវទស្សនៈវិស័យ កម្មវិធី នយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងវិធានការគន្លឹះ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសារលិខិតអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតឡើងវិញបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមបញ្ជាការ​នៃកងយោធពល​ខេមរភូមិន្ទ បានសម្តែងការកោតសរសើរចំពោះ ស្នាដៃនិងសមិទ្ធផលនានាដែលថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ន កងទ័ពជើងគោក បានប្រឹងប្រែងព្យាយាមជម្នះរាល់ឧបសគ្គនាពេលកន្លងទៅ ក្នុងការបំពេញភារកិច្ចស្នូល ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី បានពង្រឹងភាពម្ចាស់ការក្នុងស្មារតីស្នេហាជាតិ ឆន្ទៈមោះមុត ចំពោះកិច្ចការពារជាតិ ពង្រឹងប្រៀបការពារជាតិ ពង្រឹងសន្តិសុខ ចូលរួមជំរុញការអភិវឌ្ឍ និងកសាង តំបន់ប្រវត្តិសាស្ត្រយោធានៅតាមបណ្ដោយព្រំដែន ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «មិនឈ្លានពានគេ ហើយក៏មិនអនុញ្ញាត ឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ» និង «កសាងតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍ»។

នាយឧត្តមសេនីយ៍អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានគូសរំលេចថា កងទ័ពជើងគោក បានអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ បង្ក្រាបសកម្មភាពខុសច្បាប់នានា ដូចជាបទល្មើសព្រៃឈើ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ទប់ស្កាត់រាល់វិទ្ធង្សនា បដិវត្តន៍ពណ៍ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានបំណងបង្កអស្ថិរភាព នយោបាយ-សង្គម បំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយក៏បានរួមចំណែកក្នុងការងារ មនុស្សធម៌ ដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា ក្នុងនោះកងទ័ព ជើងគោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ-១៩នៅកម្ពុជា។ ទន្ទឹមនឹងនោះ កងទ័ពជើងគោកក៏បានសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារសន្តិសុខក្នុងពិធីបុណ្យជាតិ-អន្តរជាតិនានា ការពារឥស្សរជន ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និង គណៈប្រតិភូជាន់ខ្ពស់ប្រទេសជាមិត្តមកបំពេញទស្សនកិច្ចនៅកម្ពុជា។

កងទ័ពជើងគោក បានពង្រឹងការងារហ្វឹកហ្វឺន កសាងហេដ្ឋារចនាសម្ព័ន្ធ ឧបទេសសិក្សាតាម ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយបានរៀបចំកសាងសាលាជំនាញ និងទីលានបាញ់គ្រាប់ពិត ដោយកំណត់ ការហ្វឹកហ្វឺនបណ្តុះបណ្តាលក្នុងប្រទេស ជាយុទ្ធសាស្ត្រនៃការកសាងធនធានមនុស្ស។ លើសពីនេះ កងទ័ពជើងគោកបានខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជាមួយ បណ្តាប្រទេសមួយចំនួនក្នុងតំបន់និងសកលលោក តាមរយៈការចុះអនុស្សារណៈយោគយល់ និងលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ។

សមិទ្ធផលនានាដែលកងទ័ពជើងគោកសម្រេចបាន អាស្រ័យដោយការខិតខំប្រឹងប្រែង ពុំខ្លាចនឿយហត់ ការធ្វើពលិកម្មគ្រប់បែបយ៉ាង គោរពបទបញ្ញា មានភក្តីភាព សាមគ្គីភាព សមត្ថភាព ឯកភាព ផ្ទៃក្នុង និងភាពឈ្លាសវៃក្នុងការដឹកនាំអង្គភាព និងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលធ្វើឱ្យកងទ័ពជើងគោក មានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈបំផុត៕ ប្រភព៖ ក្រសួងព័ត៍មាន


Telegram