ខេត្តកំពង់ស្ពឺ ៖ ពិតជាអស្ចារ្យមែន មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានប្រាសាទតម្កល់ព្រះត្រៃបិយដក ធំជាងគេក្នុងពិភពលោក ដែលធ្វើឲ្យ សម្តេចសង្ឃ អោង សាបុក ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists - WAB ចង់ទស្សនាដោយផ្ទាល់ ។
សូមបញ្ជាក់ថា ជាមួយនឹងការនិមន្តមកដល់កម្ពុជារបស់សម្តេចសង្ឃ អោង សាបុក ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists - WAB និងមន្ត្រីសង្ឃជាន់ខ្ពស់ប្រទេសភូមា ពុទ្ធបរិស័ទអមដំណើរ តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នោះដែរ ទាំងពុទ្ធបរិស័ទ ទាំងព្រះអង្គ បានសរសើរ អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ស្ថាបនិក មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា មិនត្រឹមតែជាកន្លែង សក្ការៈបូជាប៉ុណ្ណោះនោះទេ តែគឺជាកន្លែង ទេសចរណ៍ ព្រះពុទ្ធសាសនា ធំជាងគេនៅលើពិភពលោក ។
អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ស្ថាបនិក មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានមានប្រសាសន៍ថា សម្តេចសង្ឃ អោង សាបុក ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists - WAB បានមានសង្ឃដីកាថា ព្រះអង្គបានព្យាករណ៍ឃើញថា មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ ថ្ងៃក្រោយនឹងរុងរឿង ក្លាយជាកន្លែងគោរពបូជាដ៏ធំមួយលើឆាកអន្តរជាតិ និងអាចសាងសង់បានសម្រេចមុនផែនការឆ្នាំ២០៥០ ថែមទាំងបានកោតសរសើរកម្ពុជា ដែលចារគម្ពីព្រះត្រៃបិយដក ដ៏ល្អប្រសើរប្រណិតមិនអាចកាត់ថ្លៃបាន ជាបុណ្យកុសលមហាសាល ហើយព្រះអង្គ នឹងផ្សព្វផ្សាយទៅកាន់ទូទាំងពិភពលោក មិនតែប៉ុណ្ណោះ ព្រះអង្គមានសង្ឃដីកាថា ពេលដែលសំណង់ធំៗ របស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ធ្វើបុណ្យឆ្លង នោះព្រះអង្គ នឹងប្រគេនដំណឹងនេះ ទៅកាន់អ្នកកាន់ពុទ្ធសាសនាព្រះពុទ្ធលើឆាកអន្តរជាតិ ហើយនឹងមកចូលរួម ដើម្បីអនុមោទនាបុណ្យដ៏ធំធេងនៅ មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះផងដែរ ។
ជាមួយគ្នានោះដែរ អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ស្ថាបនិក មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានបន្តថា មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា មិនមែនមានតែប្រាសាទ ដែលតម្កល់ព្រះត្រៃបិយដក ធំជាងគេលើពិភពលោកនោះទេ មជ្ឈមណ្ឌល នៅមានគម្រោងជាច្រើនទៀត បន្ទាប់ពីប្រាសាទតម្កល់ព្រះត្រៃបិយដក ក៏មានព្រះចូឡាមណីចេតិយ និងប្រាសាទ តម្កល់ព្រះពុទ្ធ ៨៤,០០០ព្រះអង្គ និងជាច្រើនទៀត កំពុងសាងសង់បន្តបន្ទាប់ សរុបទាំងអស់មាន ៣៥គម្រោង ហើយនឹងគ្រោងបញ្ចប់នៅឆ្នាំ២០៥០ ។
អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា បានបន្តថា កន្លងមក សាសនាលើឆាកអន្តរជាតិដែល អគ្គមហាឧបាសិកា ធ្លាប់បានទៅប្រជុំនៅពុទ្ធសាសនាពិភពលោកជាច្រើនប្រទេស គេតែងតែអបអរសាទរ និងទន្ទឹងរង់ចាំថាតើមជ្ឈមណ្ឌលធ្វើបានពេលណា សូមប្រគេនដំណឹងទៅ នោះពុទ្ធសាសនាពិភពលោក សមាជិកពុទ្ធសាសនាពិភពលោក នឹងចូលរួមដោយជ្រះថ្លាបំផុត ព្រមទាំងសុំមកប្រជុំនៅក្នុងមជ្ឈមណ្ឌលផងដែរ នៅឆ្នាំណាមួយដែលអាចធានាបានថា បុន្មានឆ្នាំទៀតអាចឲ្យពុទ្ធសាសនាពិភពលោក មកប្រជុំនៅកម្ពុជា កន្លងទៅអគ្គមហាឧបាសិកាសុំ៥ឆ្នាំ ពេលនេះនៅសល់តែ៣ឆ្នាំទៀតទេ ព្រឹត្តិការណ៍ប្រជុំពុទ្ធសាសនាធំជាងគេនៅលើពិភពលោក នឹងអាចកើតមានឡើងនៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដូច្នេះសូមពុទ្ធបរិស័ទចូលរួមកសាងឲ្យបានច្រើនកុះករ តិចក្តីច្រើនក្តីតាមសទ្ធារៀងៗខ្លួន ។
ជាមួយគ្នា មហាកិត្តិយស និងអស្ចារ្យ ដ៏ឧត្តុង្គឧត្តមនេះ គឺដោយសារមានការគាំទ្រ គាំពារ យ៉ាងពេញទំហឹងដ៏ខ្ពង់ខ្ពស់ក្រៃលែង ពីសំណាក់ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត ព្រមទាំងឥសរជនជាន់ខ្ពស់ ឯកឧត្តម លោកជំទាវ និងសប្បុរជនទាំងអស់ ដែលបានចូលរួមចំណែកតាមសទ្ធារៀងៗខ្លួន ពិសេសវិសាលទៅទៀតនោះ គឺមានសម្តេចសង្ឃនាយក និង សម្តេចសង្ឃនាយករង ដែលព្រះអង្គលោកតែងតែផ្តល់ជាឱវាទ ដើម្បីកសាង ចង្អុលទិស នៃការកសាង ព្រមទាំងការប្រតិបត្តិនូវព្រះពុទ្ធ វច្ចនៈ សីស សមាធិ បញ្ញា ។ ដូច្នេះយើងសង្ឃឹមថា យើងជាកូនខ្មែរ នឹងជួយលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋលើឆាកអន្តរជាតិ និងជាតិ ក្រោមម្លប់សន្តិភាព របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍ឆ្ពោះទៅមុខ ជាបន្តបន្ទាប់ ៕