នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ, ជំងឺមាត់ធ្មេញ, សន្លាក់, ភ្នែក, បេះដូង និងសួត ជូនដល់ប្រជាពលរដ្ឋ ចំនួនប្រមាណ ៣.៥១២ នាក់ ស្មើនិង ៥.៣៨៤ ករណី ដែលរស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត ព្រមជាមួយការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញាធរ ពាក់ព័ន្ធយ៉ាងច្រើនកុះករ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម ដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹម ហើយសកម្មភាពនេះបានបង្កើតឡើងរយៈកាលជាង ១០ឆ្នាំ មកហើយ ។
សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាព ទាំងអស់បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ដែលដឹកនាំក្រុមគ្រូពេទ្យជំនាញចុះមកព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃទៀតផង ៕
សូមអរគុណក្រុមគ្រូពេទ្យ TYDA