ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្ស៊ី មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជ្រះថ្លានឹងបុណ្យ បាននាំបច្ច័យចូលរួមកសាង មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជូនអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ចំនួន១០ម៉ឺនដុល្លារអាមេរិក
ព័ត៌មានជាតិ
520

រាជធានីភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងលោកជំទាវ ទេព រង្ស៊ី មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជ្រះថ្លានឹងបុណ្យ បាននាំបច្ច័យចូលរួមកសាង មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ជូនអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ចំនួន១០ម៉ឺនដុល្លារអាមេរិក។

ក្នុងឱកាសនេះដែរ អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ស្ថាបនិក មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ដល់ ឯកឧត្តម ខៀវ កាញារីទ្ធ សមាជិករដ្ឋសភា និងលោកជំទាវ ទេព រង្ស៊ី មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលបានចូលបច្ច័យ ចំនួន១០ម៉ឺនដុល្លារអាមេរិក ដើម្បីកសាងមជ្ឈមណ្ឌល ដែលជាកន្លែងប្រតិបត្តិសាសនាដ៏ធំជាងគេនៅប្រទេសកម្ពុជាលើពិភពលោក សូមអនុមោទនាបុណ្យ សូមឯកឧត្តម និងលោកជំទាវ ជួបតែសេចក្តីសុខចម្រើន ថ្កុមថ្កើង អាយុយឺនយូរ ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា សាងសង់លើផ្ទៃដីប្រមាណ ១៦២ហិកតា ក្នុងតំបន់ឧទ្យានជាតិព្រះកុសុមៈគិរីរម្យ ក្នុងភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមិនគ្រាន់តែបម្រើឲ្យវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះនោះទេ គឺរួមចំណែកថែរក្សាការពារបរិស្ថាន ជីវៈចម្រុះ ដោយរួមចំណែកដាំដើមឈើពីរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំប្រទេស នូវឈើប្រណិតចំនួនជាង ៣ម៉ឺនដើម និងផ្កាជាង៣០០ដើម ថែមទៀត ដែលបានក្លាយជាសមទ្ធិផលថ្មី បម្រើឲ្យវិស័យទេសចរណ៍ផងដែរ សម្រាប់ទាក់ទាញភ្ញៀវទេចរបែបព្រះពុទ្ធសាសនា មកពីគ្រប់តំបន់ ហើយទាក់ទងនឹងការ ចារគម្ពីព្រះត្រៃបិយ៍ដក តម្កល់នៅលើមហាប្រាសាទ ដ៏ល្អប្រណិតបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃនេះ គឺមានតែមជ្ឈមណ្ឌលមួយនេះតែប៉ុណ្ណោះដែលធំ និងល្អប្រណិតជាងគេ សូម្បីប្រៀបធៀបទៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនា នានា ។

តួយ៉ាងកាលពីពេលថ្មីៗនេះ ពិតជាអស្ចារ្យមែន មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលមានប្រាសាទតម្កល់ព្រះត្រៃបិយដក ធំជាងគេក្នុងពិភពលោក ដែលធ្វើឲ្យ សម្តេចសង្ឃ អោង សាបុក ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists - WAB ចង់ទស្សនាដោយផ្ទាល់ ។

ជាមួយនឹងការនិមន្តមកដល់កម្ពុជារបស់សម្តេចសង្ឃ អោង សាបុក ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists - WAB និងមន្ត្រីសង្ឃជាន់ខ្ពស់ប្រទេសភូមា ពុទ្ធបរិស័ទអមដំណើរ តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នោះដែរ ទាំងពុទ្ធបរិស័ទ ទាំងព្រះអង្គ បានសរសើរ អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ស្ថាបនិក មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា មិនត្រឹមតែជាកន្លែង សក្ការៈបូជាប៉ុណ្ណោះនោះទេ តែគឺជាកន្លែង ទេសចរណ៍ ព្រះពុទ្ធសាសនា ធំជាងគេនៅលើពិភពលោក ។

សម្តេចសង្ឃ អោង សាបុក ព្រះប្រធានកិត្តិយសសម្ព័ន្ធពុទ្ធសាសនិកពិភពលោក World Alliance of Buddhists - WAB បានមានសង្ឃដីកាថា ព្រះអង្គបានព្យាករណ៍ឃើញថា មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ ថ្ងៃក្រោយនឹងរុងរឿង ក្លាយជាកន្លែងគោរពបូជាដ៏ធំមួយលើឆាកអន្តរជាតិ និងអាចសាងសង់បានសម្រេចមុនផែនការឆ្នាំ២០៥០ ថែមទាំងបានកោតសរសើរកម្ពុជា ដែលចារគម្ពីព្រះត្រៃបិយដក ដ៏ល្អប្រសើរប្រណិតមិនអាចកាត់ថ្លៃបាន ជាបុណ្យកុសលមហាសាល ហើយព្រះអង្គ នឹងផ្សព្វផ្សាយទៅកាន់ទូទាំងពិភពលោក មិនតែប៉ុណ្ណោះ ព្រះអង្គមានសង្ឃដីកាថា ពេលដែលសំណង់ធំៗ របស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ធ្វើបុណ្យឆ្លង នោះព្រះអង្គ នឹងប្រគេនដំណឹងនេះ ទៅកាន់អ្នកកាន់ពុទ្ធសាសនាព្រះពុទ្ធលើឆាកអន្តរជាតិ ហើយនឹងមកចូលរួម ដើម្បីអនុមោទនាបុណ្យដ៏ធំធេងនៅ មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះផងដែរ ។

ជាមួយគ្នានោះដែរ អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ស្ថាបនិក មជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា មិនមែនមានតែប្រាសាទ ដែលតម្កល់ព្រះត្រៃបិយដក ធំជាងគេលើពិភពលោកនោះទេ មជ្ឈមណ្ឌល នៅមានគម្រោងជាច្រើនទៀត បន្ទាប់ពីប្រាសាទតម្កល់ព្រះត្រៃបិយដក ក៏មានព្រះចូឡាមណីចេតិយ និងប្រាសាទ តម្កល់ព្រះពុទ្ធ ៨៤,០០០ព្រះអង្គ និងជាច្រើនទៀត កំពុងសាងសង់បន្តបន្ទាប់ សរុបទាំងអស់មាន ៣៥គម្រោង ហើយនឹងគ្រោងបញ្ចប់នៅឆ្នាំ២០៥០ ៕


Telegram