មាតាមនុស្សធម៌​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សម្រេចសាងសង់ផ្ទះមួយខ្នង​ ដល់កុមារកំព្រា២នាក់បងប្អូន​ និងចេញថ្លៃព្យាបាលទាំងស្រុង​ដល់បងប្រុសដែលមានជំងឺមិនប្រក្រតីទ្វារធំពីកំណើត​ រស់នៅខេត្តកំពង់ឆ្នាំង ...!!
ព័ត៌មានជាតិ
129

ខេត្តកំពង់ឆ្នាំង ៖ យោងតាមផេកផ្លូវការរបស់ ខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហោះនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ឲ្យបានដឹងទាំងស្រុងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅថ្ងៃទី​ ២៩​ ខែមករា​ ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១ ចុះពិនិត្យភ្លាមៗទីតាំងសាងសង់ផ្ទះថ្មី ១ខ្នង​​ ជូនដល់កុមារកំព្រា​ ២នាក់បងប្អូន​ រស់នៅភូមិត្បែងខ្ពស់​ ឃុំត្បែងខ្ពស់​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង និងបញ្ជូនកុមារជាបង​ មកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

កុមារកំព្រា​ ២នាក់​បងប្អូន​ មានបងប្រុសឈ្មោះ​ ពឹម​ សំណាង​ អាយុ​ ១៧ឆ្នាំ​ មានជំងឺមិនប្រក្រតីទ្វារធំពីកំណើត​ (ធ្លាប់ព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា)​ បច្ចុប្បន្នធ្វើជាកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក​ និងប្អូនស្រីឈ្មោះ​ ពឹម​ ណេង​ អាយុ​ ១២ឆ្នាំ​ ជាសិស្សរៀនថ្នាក់ទី៦។

តាមការបញ្ជាក់របស់​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ បានឱ្យដឹងថា​​ ៖ «បន្ទាប់ពីបានទទួលព័ត៌មានពីភាពងាយរងគ្រោះបំផុតរបស់កុមារទាំងពីរខាងលើ,​​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់ឱ្យសហការី​ ចុះពិនិត្យទីតាំងសមស្រប​ ដែលអាចសាងសង់ផ្ទះបានសមរម្យ​។ ជាក់ស្តែង​ បេសកកម្មក្នុងថ្ងៃនេះ​ គឺក្រុមការងារ​​ បានចុះមកពិនិត្យស្ថានភាពជាក់ស្តែងរួចហើយ​ ហើយដែលក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឱ្យបានឆាប់ៗ​ ទៅតាមអនុសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​។» ។

លោកជំទាវ​ បានបញ្ជាក់បន្ថែមថា​ ៖​ ការសម្រេចសាងសង់ផ្ទះឱ្យបានសមរម្យនេះ​ គឺជាការបន្ថែមនូវគុណតម្លៃចំពោះសប្បុរសជនទាំងអស់ដែលបានជួយដល់កុមារ​ និងជាការគិតគូរវែងឆ្ងាយ​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលយកចិត្តទុកដាក់ទៅលើសុខភាព​ អនាម័យ​ មានបន្ទប់ទឹកត្រឹមត្រូវ​ និងគិតគូរពីសុវត្ថិភាព​របស់ក្មេងស្រី​ ដែលត្រូវសិក្សារៀនសូត្រ​ និងរស់នៅបានយូរអង្វែងតទៅមុខទៀត។

ចំពោះការគិតគូរពីជំងឺរបស់​ ពឹម​ សំណាង​ វិញ​,​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានផ្តល់អនុសាសន៍ឱ្យបញ្ជូនមកព្យាបាលបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត​ ដើម្បីជួបជាមួយវេជ្ជបណ្ឌិតជំនាញ​ ធ្វើការរករោគវិនិច្ឆ័យ​ និងព្យាបាលឱ្យបានជាសះស្បើយ​។

ក្នុងឱកាសចុះសួរសុខទុក្ខនៅមន្ទីរពេទ្យ​,​ លោកជំទាវ​ អគ្គលេខាធិការរងទី​១​ បានពាំនាំប្រសាសន៍របស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ និងគិតគូរពីជីវភាពរស់នៅ​ ព្រមទាំងបានជម្រាបជូនពី​ការសាងសង់ផ្ទះថ្មី​ ១ខ្នង​ រួមទាំងការគិតគូរពីសុខភាព​ បញ្ជូនមកពិនិត្យព្យាបាលភ្លាមៗ​ និងរ៉ាប់រងថ្លៃការចំណាយទាំងស្រុងលេីការព្យាបាលនេះផងដែរ។ លោកជំទាវ​ បានផ្តាំផ្ញើលើកទឹកចិត្តឱ្យថែទាំសុខភាពឱ្យបានល្អ​ អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ​ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានឧបត្ថម្ភថវិកាចំនួន​ ៥លានរៀល​ ក្នុងអំឡុងពេលកំពុងសម្រាកព្យាបាលផងដែរ។

លោកជំទាវ​ ក៏បានថ្លែងអំណរគុណចំពោះម្តាយធំឪពុកធំរបស់កុមារទាំងពីរ ដែលបានផ្តល់ជម្រកស្នាក់នៅបណ្តោះអាសន្ន​ និងនៅមើលថែទាំក្មួយក្នុងពេលកំពុងសម្រាលព្យាបាលជំងឺនេះផងដែរ​។

ជាកិច្ចឆ្លើយតប​ កុមារទាំង២នាក់បងប្អូន​ រំភើបរីករាយឥតឧបមា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានគិតគូរ​ លើកទឹកចិត្ត​ និងផ្តល់ការឧបត្ថម្ភដ៏ធំធេងក្នុងឆាកជីវិត​ ដែលរំពឹងថានឹងមានអនាគតភ្លឺស្វាងដូចកុមារដទៃទៀតដែរ។

សូមជម្រាបជូនថា​ ក្នុងឱកាសចុះពិនិត្យទីតាំងសាងសង់ផ្ទះនោះ​ កាកបាទក្រហមកម្ពុជា​ ក៏បានឧបត្ថម្ភជូនដល់ចាស់ៗដែលរស់នៅក្បែរខាងចំនួន​ ៣៤គ្រួសារ​ ក្នុង​ ១គ្រួសារ​ ទទួលបាន​ អង្ករសុខភាព​ចំនួន​ ២កញ្ចប់ផងដែរ៕ 


Telegram