សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាលកំណត់យកឆ្នាំ២០២៤ គឺជាឆ្នាំងើបឡើងវិញចំពោះសេដ្ឋកិច្ចនៅកម្ពុជា
ព័ត៌មានជាតិ
182

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ខេត្ដព្រះសីហនុ និង ខេត្ដសៀបរាប គឺជាខេត្ដពិសេស ជំរុញសេដ្ឋកិច្ចនៅទូទាំងប្រទេស ដោយកំណត់យកឆ្នាំ២០២៤ គឺជាឆ្នាំនៃការងើបឡើងវិញចំពោះសេដ្ឋកិច្ចនៅកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”នាព្រឹកថ្ងៃពុធ ៦រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងគូសបញ្ជាក់ថា ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ នៅពេលអគារចាស់ៗត្រូវបានស្ដារឱ្យដំណើរការឡើងវិញ នឹងជួយជំរុញសេដ្ឋកិច្ចទៅកាន់ខេត្តដទៃទៀត។

ខណៈកម្ពុជា បានត្រៀមឆ្លើយតបការជំរុញលើកស្ទួយកំណើនសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុឱ្យទៅជាខេត្តឈានមុខ សម្ដេចធិបតី បានជំរុញលើកទឹកចិត្ដក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បន្ដខិតខំ លើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យស្របទៅនឹងបរិការណ៍ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់។

សូមបញ្ជាក់ថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទាន គោលចំនួន៤ រួមមាន៖ ទី១៖ កែប្រែមុខមាត់ខេត្តព្រះសីហនុ ឱ្យទៅជាខេត្តដែលមានមូលដ្ឋានសេដ្ឋកិច្ច ពឹងផ្អែកលើឧស្សាហកម្ម, ទេសចរណ៍ និងការវិនិយោគ, ទី២៖ ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលផ្តល់លទ្ធផលរហ័ស, ទី៣៖ ដាក់ចេញនូវវិធានការអនុវត្តជាក់ស្តែង ដែលមានលក្ខណៈជាការបំពេញបន្ថែមប្រកបដោយសង្គតិភាព ទៅនឹងគោលនយោបាយ និង យុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល, ទី៤៖ បង្កើនល្បឿននៃការធ្វើបរិវត្តកម្ម និង ការអភិវឌ្ឍឧស្សាហកម្ម ក្នុងខេត្តព្រះសីហនុ ឱ្យមានតម្លៃបន្ថែម និង មានឧត្តមភាពប្រកួតប្រជែងខ្ពស់។ 

កម្មវិធីពិសេសនេះ មានគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងធុរកិច្ច ក្នុងខេត្តព្រះសីហនុ សម្រាប់ឆ្នាំ២០២៤ ឱ្យកាន់តែច្រើន និងមានសម្ទុះលឿន ដោយផ្តោតលើគម្រោងវិនិយោគ ឬ សកម្មភាព ធុរកិច្ចចំនួន៣ប្រភេទ រួមមាន៖ ១៖ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង និង ចាប់ផ្តើមដំណើរការអនុវត្តភ្លាម នៅក្នុងឆ្នាំ២០២៤, ២៖ គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច មិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង ប៉ុន្តែចាប់ផ្តើមដំណើរការបានភ្លាមនៅក្នុងឆ្នាំ២០២៤, ៣៖ ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ដែលត្រូវចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៤។

«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» បាន កំណត់ដាក់ចេញនូវវិធានការគន្លឹះមួយចំនួន ដែលមានសារៈសំខាន់ សម្រាប់ការជំរុញលើកទឹកចិត្តសកម្មភាពនៃការវិនិយោគ និង ធុរកិច្ចនៅក្នុងខេត្ត រួមមាន ជាអាទិ៍៖ ការសម្រួលនីតិវិធី និងការបំពេញបែបបទ ពាក់ព័ន្ធនឹងការវិនិយោគ និងការធ្វើធុរកិច្ច, ការសម្រួលក្នុងការ ផ្តល់លិខិតអនុញ្ញាត និងទិដ្ឋាការ, ការផ្តល់ការលើកទឹកចិត្តពន្ធអាករ, ការលើកលែងកម្រៃសេវាសាធារណៈ ឬ ការអនុគ្រោះផ្សេងៗ ពាក់ព័ន្ធនឹងការសាងសង់, ការរៀបចំតំបន់អភិវឌ្ឍន៍តាមភូមិ-សង្កាត់ និងផ្លូវសំខាន់ៗ, ការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍតំបន់ឧស្សាហកម្ម និងការអភិវឌ្ឍដីដែលមានសក្តានុពល សម្រាប់តំបន់ប្រមូលផ្តុំឧស្សាហកម្ម ឬសហគ្រាស និង/ឬតំបន់ទេសចរណ៍៕ ប្រភព៖ ក្រសួងព័ត៍មាន


Telegram