សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា គោលនយោបាយគាំពារសង្គម មិនមែនជាការបង្កើតវប្បធម៌ពឹងផ្អែកនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាការបង្កើតនូវវប្បធម៌ម្ចាស់ការ ជាការជួយពលរដ្ឋពេលមានបញ្ហា និងជួយទប់កុំឱ្យស្ថានភាពជីវភាពធ្លាក់ក្នុងស្ថានភាពលំបាក។
ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា”នាព្រឹកថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល គឺជាគោលនយោបាយជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៅតែបន្តរក្សាគោលនយោបាយគាំពារសង្គម។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថាដើម្បីឱ្យស្របនឹងស្ថានភាពវិវត្តន៍ប្រែប្រួលនៃវិស័យសង្គមកិច្ច ក្រសួងបានរៀបចំ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ៖ ១- មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២- មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី ៣- មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និង ផ្អែកលើសហគមន៍ “កែវ ផុស” ខេត្តព្រះសីហនុ។ ៤- មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន “កណ្តាលស្ទឹង” ខេត្តកណ្តាល, ៥- មណ្ឌលថែទាំមនុស្សចាស់ បានកសាងនឹងគ្រោងដាក់ឱ្យដំណើរការក្នុងពេលដ៏ឆាប់ខាងមុខដែលមជ្ឈមណ្ឌលនេះនឹងក្លាយទៅជាថ្នាលសម្រាប់បណ្តុះបណ្តាល ធនធានមនុស្សបម្រើឱ្យកិច្ចការថែទាំមនុស្សចាស់របស់យើង, ៦-បាននិងកំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល៕ ប្រភព៖ ក្រសួងព័ត៍មាន