សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្ពុជាគ្មានផែនការប្ដូររាជធានី ទៅកន្លែងផ្សេងដូចប្រទេសមួយចំនួនឡើយ
ព័ត៌មានជាតិ
196

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្មានផែនការផ្លាស់ប្ដូររាជធានីភ្នំពេញ ទៅកន្លែងផ្សេងដូចប្រទេសមួយចំនួនក្នុងតំបន់ ពីព្រោះរដ្ឋធានីរបស់ប្រទេសទាំងនោះ បានស្រុតដីទាបជាងមុន ដោយសារការបូបទឹកពីក្រោមដីប្រើប្រាស់ ធ្វើឱ្យរដ្ឋាធានីរងគ្រោះដោយទឹកជំនន់ជាដើម។

ក្នុងឱកាសអញ្ជើញជាអធិបតី “ បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និង ផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ម៉ែត្រ” នាព្រឹកថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ កុម្ភៈ ២០២៤នេះ សម្ដេចធិបតីបានថ្លែងថា យើងត្រូវគិតគូរពីការពង្រីកផ្លូវនៅភ្នំពេញ ជាពិសេសត្រូវសិក្សាផ្លូវក្រោមដី ទៅថ្ងៃខាងមុខ ខណៈប្រទេសយើងនឹងមានអ្វីៗដូចបណ្ដាប្រទេសអភិវឌ្ឍន៍ជឿនលឿន។

សូមបញ្ជាក់ថា ស្ពានដែលកំពុងបើកការដ្ឋានសាងសង់នាឱកាសនេះ គឺជាស្ពានទី១៦ហើយ បើគិតក្នុងចំណោមស្ពានធំៗ ដែលបានសាងសង់ក្រោមឥណទានសម្បទានពី សាធារណរដ្ឋ ប្រជាមានិតចិន រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ចិន(សេកុងស្ទឹងត្រែង), ស្ពានមិត្តភាព កម្ពុជា-ចិន(ព្រែកក្តាម), ស្ពានមិត្តភាពកម្ពុជា-ចិន(ព្រែកតាមាក់), ស្ពានមិត្តភាពកម្ពុជា-ចិន (ជ្រោយ ច ង្វារទី២), ស្ពានមិត្តភាពកម្ពុជា-ចិន(មេគង្គស្ទឹងត្រែង), ស្ពានមិត្តភាពកម្ពុជា-ចិន (តាខ្មៅ), ស្ពាន មិត្តភាពកម្ពុជា-ចិន(កោះធំ), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន(សែនសុខ), ស្ពានមិត្តភាពក ម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ), ស្ពានមិត្តភាពកម្ពុជា-ចិន(កោះអន្លង់ចិន), ស្ពានមិត្តភាពកម្ពុជា-ចិន(ឆ្លងកាត់ទន្លេមេគង្គក្រចេះ), ស្ពានរំលង ឬស្ពានអាកាសចំនួន ៤កន្លែង(កាត់ពី លើផ្លូវជាតិ លេខ៤ លេខ៣ លេខ២ និងលេខ២១) ដែលជាផ្នែកនៃគម្រោងផ្លូវក្រវាត់ក្រុងទី៣, និងស្ពាន ឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ចុងក្រោយនេះ៕  ប្រភព៖ ក្រសួងព័ត៍មាន 


Telegram