សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានដេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីណាដែលពាក់ព័ន្ធគ្រឿងញៀន
ព័ត៌មានជាតិ
185

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានដេញចេញពីក្របខ័ណ្ឌចំពោះមន្ត្រីណាដែលពាក់ព័ន្ធគ្រឿងញៀន និងបានស្នើឱ្យ គ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និង បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួម ដែលត្រូវចូលរួមទាំងអស់គ្នា។​

ក្នុងឱកាសអញ្ជើញជាអធិបតី “ បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ” នារសៀលនេះ ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ កុម្ភៈ ២០២៤នេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា សម្ដេចបានសម្រេចឱ្យរៀបចំធ្វើតេស្តគ្រឿងញៀនលើមន្ត្រីរាជការគ្រប់ប្រភេទទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺអនុវត្តដូចគ្នានឹងកងកម្លាំងប្រដាប់អាវុធ បើរកឃើញការប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌតែម្ដង។

សម្ដេចធិបតី ក៏បានស្នើគ្រប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន, រោងចក្រ-សហគ្រាស និង សមាជិកគ្រួសារ ត្រូវធ្វើការអប់រំ, ត្រូវរម្លឹកពីផលប៉ះពាល់ និង វិនាសកម្មនៃគ្រឿងញៀន ព្រមទាំងមានវិធានការម៉ឺងម៉ាត់ និង តឹងរ៉ឹងបំផុត ចំពោះការប្រើប្រាស់គ្រឿងញៀន។

បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីចូលរួមលុបបំបាត់គ្រឿងញៀនទៅបាន ត្រូវការការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការអប់រំ ការផ្សព្វផ្សាយ ការណែនាំសាច់ញាតិកុំឱ្យប៉ះពាល់ជាមួយគ្រឿងញៀននិងសូមឱ្យមហាជន និយាយថា “ទេ”ចំពោះគ្រឿងញៀន៕

​​ប្រភព៖ ក្រសួងព័ត៍មាន


Telegram