ខេត្តតាកែវ៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានចូលរួម និងដឹកនាំកម្លាំងនគរបាល សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងព្រះរាជសុវត្ថិភាពថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងសាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយដល់ប្រជាកសិករក្រីក្រនៅភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង និងភូមិជ្រៃវែង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ សរុបចំនួន ៤៧៣គ្រួសារ។
ក្នុងព្រះរាជពិធីនោះដែរ ក៏មានការអមព្រះរាជដំណើដោយឧកញ៉ាមហាមន្រ្តី គុយ សុផល ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម លោកជំទាវប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ព្រមទាំងមន្ត្រីរាជការ អ្នកមុខ អ្នកការក្នុងខេត្ត និងលោកយាយ លោកតា អ៊ំពូ មីងបងប្អូនប្រជាកសិករយ៉ាងច្រើនកុះករ។
ជាចុងបញ្ចប់ នៃព្រះរាជពិធីព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានមានព្រះរាជបន្ទួលកោតសសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលបានយកចិត្តទុកដាក់ចុះសួរសុខទុក្ខប្រជាពលរដ្ឋជាកូនចៅរបស់ព្រះអង្គ និងបានដឹកនាំប្រទេសជាតិឲ្យមានការរីកចំរើន លូតលាស់លើគ្រប់វិស័យរហូតដល់បច្ចុប្បន្ននេះ មានសុខសន្តិភាព ពេញផ្ទៃប្រទេស។ ព្រមទាំងកោតសសើរ អាជ្ញាធរខេត្តដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ដើម្បីបំរើផលប្រយោជន៍ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តបានល្អប្រសើរ។
មុននិងស្តេចយាងនិវត្តមកកាន់បរមរាជវាំង ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហរទ័យ ចែកព្រះរាជអំណោយជូនប្រជានុរាស្រ្តចំនួន ៤៧៣គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម ឃីត១កញ្ចប់ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ មី២កេស និងថវិកាចំនួន (២០ម៉ឺនរៀល) និងសិស្សានុសិស្សចំនួន ២១៩នាក់ទទួលបានអាហារពេលព្រឹកមួយពេល សម្លៀកបំពាក់អាវយឺតមានស្លាកព្រះរាជអំណោយព្រះមហាក្សត្រខ្មែរ សម្ភារៈសិក្សាមួយកញ្ចប់ ។ដោយឡែកលោកគ្រូ អ្នកគ្រូពេទ្យ ចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់
ព្រះករុណាព្រះបាទសម្តេចយាងតាមព្រះរាជទីនាំងទត កូនចៅ ដែលឈរចាំទទួលអមតាមដងផ្លូវ ដោយព្រះរាជហរទ័យរីករាយក្រៃលែងផងដែរ៕