សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា អង្គបោះឆ្នោតសរុបចំនួន ៩៩.៨៦ភាគរយ បានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥
ព័ត៌មានជាតិ
88

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់តាមបណ្តាញទំនាក់ទំនាក់ទំនងសង្គមតេលេក្រាមថា អង្គបោះឆ្នោតសរុបចំនួន ៩៩.៨៦ភាគរយ ដែលបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយបានបង្ហាញអំពីទម្លាប់ប្រជាធិបតេយ្យ ដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ពិសេស ក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិ ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មានអ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែងបច្ចុប្បន្នចំនួន១២៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងចំនួន១១.៦២២នាក់ ខណៈសមាជិកព្រឹទ្ធសភាទាំងអស់មានសរុប៦២រូប ក្នុងនោះចំនួន៥៨រូប ត្រូវបានបោះឆ្នោជាលក្ខណៈអសកលកាល ចំណែកសមាជិកចំនួន២រូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ និងចំនួន២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា។

បើតាមការបញ្ជាក់របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ក្នុងសន្និសីទសារព័ត៌មាន ក្រោយការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៃការបោះឆ្នោត នាថ្ងៃទី២៥ ខែកុម្ភៈម្សិលមិញនេះ បានឱ្យដឹងថា ការប្រកាសលទ្ធផលបណ្តោះអាសន្ន នឹងត្រូវធ្វើនៅថ្ងៃទី២៩ខែកុម្ភៈ ហើយលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅចន្លោះថ្ងៃទី៤-៦ ខែមីនា បើសិនគ្មានការប្តឹងជំទាស់ និងតវ៉ាណាមួយ បន្ទាប់ពីការប្រកាសលទ្ធផលបឋមតាមភូមិភាគ ត្រូវធ្វើចាប់ពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ តាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ ដើម្បីផ្តល់ជំនឿទុកចិត្តដល់ភាគីពាក់ព័ន្ធទៅលើលទ្ធផលនៃការបោះឆ្នោត ឆាប់រហ័ស ត្រឹមត្រូវច្បាស់លាស់ ទូលំទូលាយ និងមានតម្លាភាព។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានគណបក្សនយោបាយចំនួន៤ ចូលរួមប្រកួតប្រជែងតាមមណ្ឌលភូមិភាគទាំង៨ នៃ២៥រាជធានីខេត្តមានដូចជា៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, និងគណបក្សហ៊្វុនស៊ិនប៉ិច។ ១. គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ៨មណ្ឌលភូមិភាគ លើ៨មណ្ឌលភូមិភាគ, ២. គណបក្សឆន្ទៈខ្មែរ ឈរឈ្មោះ ៨មណ្ឌលភូមិភាគ លើ៨មណ្ឌលភូមិភាគ, ៣. គណបក្សកម្លាំងជាតិ ឈរឈ្មោះ៨មណ្ឌលភូមិភាគលើ៨មណ្ឌលភូមិភាគ, ៤.គណបក្សហ៊្វុនស៊ិនប៉ិច ឈរឈ្មោះ៨មណ្ឌលភូមិភាគ លើ៨មណ្ឌលភូមិភាគ។

ការបោះឆ្នោតនេះ មានអ្នកសង្កេតការណ៍ជាតិចូលរូមឃ្លាំមើលចំនួន៧៦០នាក់ មកពី១៨សមាគម-អង្គការមិនមែនរដ្ឋាភិបាល, អ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៣០០នាក់, ភ្ញៀវពិសេស៣រូប មកពីប្រទេសជប៉ុន, និងអ្នកសារព័ត៌មានជាតិ ចំនួន៣០៦នាក់ មកពី៤៥អង្គភាព, អ្នកសារព័ត៌មានអន្តរជាតិ២៥នាក់ មកពី១៤អង្គភាព។ ចំណែក ភ្នាក់ងារគណបក្សនយោបាយទាំង៤គណបក្ស ដែលត្រូវបានដាក់ពង្រាយសម្រាប់សង្កេតការណ៍ មានសរុប ២២៨នាក់៕ ប្រភព៖ ក្រសួងព័ត៍មាន

 


Telegram