សម្តេចធិបតីនាយករដ្ឋមន្ត្រីអញ្ជើញទៅគោរពព្រះវិញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស និងពិនិត្យមើលការរៀបចំព្រះរាជពិធីបុណ្យព្រះសព មឈូស ទីតាំងតម្កល់ព្រះរាជសព ឱ្យបានត្រឹមត្រូវស្របតាមគន្លងព្រះពុទ្ធសាសនា
ព័ត៌មានជាតិ
309

រាជធានីភ្នំពេញ ៖ យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានបង្ហោះនៅវេលាម៉ោងជាង ១០យប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ឲ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញទៅគោរពព្រះវិញាណក្ខន្ធសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទេ្ទសបណ្ឌិត ទេព វង្ស រួមជាមួយនឹងការឧទ្ទិសទ្វាយបួងសួងដល់ព្រះវិញាណក្ខន្ធសម្តេច បានស្តេចយាងទៅកាន់ស្ថានបរមសុខ ព្រះនិព្វានកុំបីឃ្លាតឡើយ នាបរិវេណវត្តឧណ្ណាលោម រាជធានីភ្នំពេញ ។

ព្រមជាមួយគ្នានេះដែរ សម្តេចធិបតី ក៏បានអញ្ជើញទៅមើលការរៀបចំព្រះរាជពិធីបុណ្យព្រះសពដោយផ្ទាល់ ហើយបានអញ្ជើញមើលមឈូស ទីតាំងតម្កល់ព្រះរាជសព ជាពិសេសចាត់ចែងក្នុងការរៀបចំពិធីបុណ្យព្រះរាជសពឱ្យបានត្រឹមត្រូវស្របតាមគន្លងព្រះពុទ្ធសាសនា និងបានរៀបចំបង្កើតគណៈកម្មការទទួលបន្ទុកក្នុងការដឹកនាំ និងរៀបចំព្រះរាជពិធីបុណ្យព្រះសពសម្តេចព្រះសង្ឃរាជាធិបតី ។

ក្នុងនាមប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត តាមរយៈការអញ្ជើញទៅដោយផ្ទាល់ភ្លាមៗ ជាពិសេសបានចុះទៅណែនាំ និងចាត់តាំងក្រុមការងារជាបន្ទាន់ ក្នុងការរៀបចំព្រះរាជពិធីបុណ្យព្រះសពព្រះសង្ឃរាជាធិបតី ដែលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

គួរបញ្ជាក់ថា​ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ព្រះសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា​ យាងសោយព្រះទីវង្គត់នៅវេលាម៉ោង ៥ និង ៤០ នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា៕


Telegram