ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ចាត់ទុក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា
ព័ត៌មានជាតិ
147

នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ ជាមួយឯកឧត្តម YB Tan Sri Dato’ (Dr.) Johari bin Abdul ប្រធានរដ្ឋសភា នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់សម្តេចធិបតី និងគណៈប្រតិភូ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ផងដែរ។

ឯកឧត្តមប្រធានរដ្ឋសភា ក៏បានលើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមទៅកាន់ព្រះរាជាណាចក្រកម្ពុជាកន្លងមក ដោយឯកឧត្តមបានកត់សម្គាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ហើយ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានចាត់ទុក សម្តេចធិបតី ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា ដោយឯកឧត្តមតែងតែជំរុញសមាជិកសភាវ័យក្មេងរបស់ប្រទេសម៉ាឡេស៊ីឱ្យទៅបំពេញទស្សនកិច្ច និងដកស្រង់បទពិសោធន៍នៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ភាគីម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅម៉ាឡេស៊ីនិងបានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាជាមួយឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។

សម្តេចធិបតី ក៏បានសម្តែងនូវការអរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានផ្ដល់ការគាំទ្រ និងការចូលរួមក្នុងវិស័យផ្សេងៗ រួមទាំងការផ្តល់អាហារូបករណ៍ផងដែរ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្ដមប្រធានរដ្ឋសភា ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧​ កាលពីខែកក្កដា​ ឆ្នាំ២០២៣នៅប្រទេសកម្ពុជានាពេលកន្លងមក ព្រមទាំងបានជម្រាបជូនពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជា​ ដែលទើបកន្លងទៅថ្មីៗនេះ​ ផងដែរ៕ ប្រភព៖ ក្រសួងព័ត៍មាន 


Telegram