កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រ ដល់សកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិក បាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ
ព័ត៌មានជាតិ
118

នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានចូលរួមអបអរសារទរចំពោះជោគជ័យនៃដំណើរបំពេញបេសកកម្មការងាររបស់ សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។

ជាមួយគ្នានេះដែរ លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុកជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតព្រឹទ្ធសភា​អាណត្តិទី៥ កាលពីថ្ងៃទី២៥​​​ខែកុម្ភៈ​​កន្លងមកនេះ។ លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមណជាង ៣២ ឆ្នាំមកនេះ។

ជាងនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូដ៏ល្អបំផុតក្នុងការគាំទ្រសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ដែលនេះជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាងច្បាស់រវាងការងារមនុស្សធម៌ និងបញ្ហានយោបាយ។

ទន្ទឹងនឹងនេះ លោកស្រី ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីអ្នកដែលត្រូវបន្តការងារបន្ទាប់ពីលោកស្រីបញ្ចប់ភារកិច្ច គីលោក Mark Stephensen ដែលលោកនឹងត្រូវបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ លោកស្រី Ann Mills-Griffiths និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ នាពេលកន្លងមក។

សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការគាំទ្រការងារបស់សហព័ន្ធលោកស្រី ហើយរាជរដ្ឋាភិបាលនឹងខិតខំបន្ថែមទៀតក្នុងការសម្របសម្រួលលើសកម្មភាពនេះឱ្យសម្រេចបានជោគជ័យ ទោះបីជានៅតំបន់ខ្លះ​នៅមានលក្ខណៈស្មុគស្មាញក៏ដោយ។

ទន្ទឹមគ្នានេះ សម្តេចធិបតី បានបញ្ជាក់ជូនលោកស្រីថា​ជាមួយនឹងបទពិសោធន៍ដ៏ច្បាស់លាស់​និងយូរអង្វែង​រាជរដ្ឋាភិបាលនឹងប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ុល សារឿន បន្តទៀត​ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និង ស្រឡាញ់ ចំពោះក្រុមគ្រួសា​រនៃទាហានដែលបានបាត់ខ្លួន ៕​ ប្រភព៖ ក្រសួងព័ត៍មាន 


Telegram