គ.ជ.ប ៖ បញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការជ្រើសរើសក្រុមប្រឹក្សាខាងមុខនេះ មានអ្នកបោះឆ្នោតជាង១ម៉ឺននាក់
ព័ត៌មានជាតិ
93

គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (គ.ជ.ប) អះអាងថា អ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤នេះ មានសរុបចំនួន១១.៦២២នាក់ ក្នុងនោះស្រ្តីមានចំនួន២.៥៧៤នាក់ ក្នុងចំណោមការិយាល័យបោះឆ្នោតចំនួន២០៩ការិយាល័យ ក្រោយពីបានធ្វើការផ្ទៀងផ្ទាត់ និងផ្តល់សុពលភាពរួចរាល់ គ្រាដែលការបោះឆ្នោតអសកលនេះ នឹងចូលមកដល់នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភាខាងមុខនេះហើយ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ ព័ន្ធនៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី ១០ ខែឧសភានេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប បានបញ្ជាក់ថា អ្នកបោះឆ្នោតនេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានទាំង១.៦៥២នៅទូទាំងប្រទេស ហើយអ្នកបោះឆ្នោតនេះទាំងអស់ ត្រូវបោះឆ្នោត២ដង ក្នុងពេលតែ មួយ ដោយប្រើសន្លឹកឆ្នោត ២ ប្រភេទផ្សេងគ្នា គឺសន្លឹកឆ្នោតប្រភេទទី១ មានផ្ទៃពណ៌ខៀវតាមការកំណត់របស់ គ.ជ.ប ដែលប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងសន្លឹកឆ្នោតប្រភេទទី២ មានផ្ទៃពណ៌ស ប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត។

ឯកឧត្តម បន្តថា គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងសមាគម អង្គការមិនមែនរដ្ឋាភិបាលសង្កេតការណ៍បោះឆ្នោត មានសិទ្ធិស្នើសុំបញ្ជីបោះឆ្នោតនេះ តាមច្បាប់ថតចម្លងដោយបង់ថ្លៃតាមតម្លៃផលិតជាក់ស្តែង ឬអាចទាញយកទិន្នន័យតាមទម្រង់PDF ដែលបង្ហាញទិន្នន័យអំពីលេខកូដ និងឈ្មោះរាជធានី ខេត្ត លេខកូដ និងឈ្មោះក្រុង ស្រុក ខណ្ឌ លេខកូដ និងឈ្មោះទីតាំងការិយាល័យបោះឆ្នោត នាមត្រកូល និងនាមខ្លួន ភេទ ថ្ងៃខែឆ្នាំកំណើត តាមតម្លៃផលិត ខណៈបញ្ជីបោះឆ្នោតផ្លូវការនេះ ក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និង Mobile App (NEC KH)។

សូមបញ្ជាក់ថា គណបក្សនយោបាយ ដែលបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ មានចំនួន៥គណបក្សមានដូចជា៖ គណបក្សប្រជាជនកម្ពុជាគណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ។ បើតាមការបញ្ជាក់របស់គ.ជ.ប គឺចំនួនក្រុង ស្រុក ខណ្ឌ មកដល់ឆ្នាំ២០២៤នេះ បានកើនឡើងចំនួន១ក្រុង ដែលធ្វើឱ្យចំនួនអាសនៈក្រុមប្រឹក្សានេះ កើនឡើងចំនួន៥អាសនៈ។ ពោលគឺ ក្រុង ស្រុក ខណ្ឌមានចំនួន២០៩ ដែលធ្វើឱ្យចំនួនអាសនៈសមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ មាន៣.៦៤១អាសនៈ ខណៈចំនួនអាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត រក្សា៥៥៩អាសនៈ៕


Telegram