លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ បានអោយដឹងថា សំភារៈយោធាចិន បានមកដល់កំពង់ផែរក្រុងព្រះសីហនុហើយ ហើយនឹងលើកឡើងគោក នៅព្រឹកថ្ងៃទី១៤ឧសភានេះ ដើម្បីដឹកជញ្ជូនឆ្ពោះទៅខេត្តកំពង់ឆ្នាំង ទីតាំងធ្វើសមយុទ្ធឆ្នាំ២០២៤នេះ។
ប្រកាសនៅក្នុងសន្និសីទសារព័ត៌មាន កាលរសៀលថ្ងៃទី១៣ ខែឧសភា អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋាន បានអោយដឹងថា លំហាត់សមយុទ្ធ «នាគមាស» កម្ពុជា -ចិន ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងប្រទេសកម្ពុជា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ ដែលសមយុទ្ធជើងគោក នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ស្ថិតនៅក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ សមយុទ្ធជើងគោក ប្រើប្រាស់រថក្រោះពាសដែក រថយន្តគ្រប់ប្រភេទចំនួន៦៩គ្រឿង រួមទាំងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារធាតុគីមី ជាច្រើនឈុតទៀត។