គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តបេសកកម្ម ការទូតក្រៅប្រទេស ជាលើកទី១៥ ក្នុងគោលបំណងដើម្បីបន្តពង្រឹង ចំណងមិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន និងសកល ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។
ជាក់ស្តែងនាព្រឹក ថ្ងៃទី១៥ ខែឧសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥ ដល់១៩ ខែឧសភា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។
តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា សម្ដេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រធានាធិបតី យូន សកយ៉ល ដោយពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។
សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
សូមបញ្ជាក់ជូនថា «ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានបង្កើតទំនាក់ទំនងការទូតនៅក្នុងឆ្នាំ១៩៧០ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរនេះមិនបានល្អប្រសើរឡើយ ដោយនៅឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបដឹកនាំរបស់ខ្មែរក្រហម។ ក្រោយមករបបដឹកនាំដោយខ្មែរ ក្រហមនេះ ត្រូវបានដួលរលំនៅឆ្នាំ១៩៧៩ ដែលអាចឱ្យប្រទេស កម្ពុជាក្រោកឈរសាជាថ្មីបាន និងខិតខំប្រឹងប្រែងដើម្បីឱ្យមានស្ថិរភាពក្នុងប្រទេសឡើងវិញ។ ស្របពេលជាមួយគ្នានេះដែរ ក្រៅពីការធ្វើឱ្យមានស្ថិរភាពក្នុងប្រទេស រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានចាប់ផ្តើមផ្សារភ្ជាប់ ទំនាក់ទំនងការទូតឡើងវិញជាមួយបណ្តាប្រទេសជិតខាងទាំងក្នុងតំបន់ និងនៅលើសកលលោក រួមបញ្ចូលទាំងទំនាក់ទំនងជាមួយស្ថាប័នអន្តរជាតិធំៗផងដែរ ដូចជាអង្គការសហប្រជាជាតិជាដើម។ល។
ការភ្ជាប់ទំនាក់ទំនងនេះក៏ឈានដល់ការចុះឯក សារពិធីសារលើកិច្ចព្រមព្រៀងនានាជាមួយរដ្ឋាភិបាល បរទេស ជាពិសេសជាមួយរដ្ឋាភិបាលនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN ផងដែរ។
ក្នុងពេលជាមួយគ្នានោះដែរ ទំនាក់ទំនងរវាងប្រទេស ទាំងពីរ កម្ពុជា- កូរ៉េ ត្រូវបានបង្កើតឡើងវិញនៅក្នុងឆ្នាំ១៩៩៧ ដែលចាប់ពីពេលនោះមក ទំនាក់ទំនងទ្វេរភាគីនេះ ត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។
ក្រោយមក ក្រោមទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េបានបង្កើតស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ ១៩៩៨។ ចំណែកឯរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបង្កើតស្ថានទូតរបស់ខ្លួន ប្រចាំនៅសាធារណរដ្ឋកូរ៉េ ផងដែរនៅក្នុងឆ្នាំ២០០១»។ នេះបើយោងតាមការផ្សាយក្នុងគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា។
ដោយឡែក ចំពោះលំហូរវិនិយោគ នៅក្នុងខែមករា ដើមឆ្នាំ ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-កូរ៉េខាងត្បូង សម្រេចបានទំហំទឹកប្រាក់ជាង ៦៣លានដុល្លា។ នេះបើយោងតាមប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចធិបតី។
ប្រភពដដែល បានគូសបញ្ជាក់ថា ក្នុងខែមករា ប្រទេសកម្ពុជា បាននាំចេញនូវទំនេញភាគច្រើនជា ផលិតផលកសិកម្ម សម្លៀកបំពាក់ កៅស៊ូ និងគ្រឿងបង្គុំអេឡិចត្រូនិក។
ដោយឡែក កូរ៉េខាងត្បូង ក៏បាននាំចូលផលិតផលមកកាន់ទីផ្សារប្រទេសកម្ពុជា រួមមាន រថយន្ត គ្រឿងអេឡិចត្រូនិក ភេសជ្ជៈ និងឱសថជាដើម។