គោលការណ៍ «ឆន្ទៈល្អ» រៀបចំឡើងដើម្បីលើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់មកលើសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីជាតិ ធានាបាននូវសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ និងសុខដុមនីយកម្ម នៅក្នុងសង្គមកម្ពុជា។
ការប្រកាសផ្សព្វផ្សាយគោលការណ៍ «ឆន្ទៈល្អ» ធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) អញ្ជើញជាអអិបតីបើកសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ឆន្ទៈល្អ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នាសណ្ឋាគារសុខាភ្នំពេញ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងគូសបញ្ជាក់ថា គោលការណ៍ «ឆន្ទៈល្អ» គឺជាកាលានុវត្តន៍ថ្មីមួយក្នុងការផ្លាស់ប្តូរឥរិយាបទរបស់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ពីការប្រើប្រាស់រូបភាព និងសារផ្សាយពាណិជ្ជកម្មរបស់ខ្លួនធំៗ ជំនួសមកវិញនូវការផ្សព្វផ្សាយរូបភាព ឬសារ អប់រំជាចម្បងនៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយធំៗ នៅតាមដងផ្លូវ និងនៅតាមទីសាធារណៈនានា ហើយដាក់រូបភាពផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដែលគាំទ្រសារនោះមានទំហំតូចនៅខាងក្រោមសារអប់រំ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
ឯកឧត្តម ប្រធាន (ក.គ.ផ.ស) បានលើកបង្ហាញដែរថា ទន្ទឹមនឹងការរីកចម្រើននៃឧស្សាហកម្មគ្រឿងស្រវឹងនៅកម្ពុជា ដែលបានផ្តល់ផល ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងសង្គមកម្ពុជា ឧស្សាហកម្មគ្រឿងស្រវឹង ក៏បានជះឥទ្ធិពលអវិជ្ជមានមួយចំនួនដល់ សេដ្ឋកិច្ច សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ វប្បធម៌ ប្រពៃណីជាតិ និងការប្រកួតប្រជែងមិនស្មោះត្រង់ផងដែរ តាមរយៈការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង យ៉ាងគគ្រឹគគគ្រេង តាម គ្រប់មធ្យោបាយប្រព័ន្ធផ្សព្វផ្សាយនានា និងបណ្តាញទំនាក់ទំនងសង្គម ដោយសារក្រុមហ៊ុនឧស្សាហកម្មគ្រឿងស្រវឹងមានចំនួនច្រើន និងបានធ្វើការប្រកួតប្រជែងទីផ្សារផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់យ៉ាងច្រើន ដើម្បីធ្វើការទាក់ទាញអតិថិជនរៀងៗខ្លួន ជំរុញឱ្យមហាជន ជាពិសេសស្រទាប់យុវវ័យដែលជាទំពាំងស្នង ឫស្សី ឈ្លក់វង្វេងទទួលទានគ្រឿងស្រវឹង ផ្សងសំណាងតាមរករង្វាន់ បាត់ បង់ឱកាសសិក្សាប៉ះពាល់ដល់សុខភាពសាធារណៈ និងបើកបរក្នុងស្ថានភាពស្រវឹងបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរជាញឹកញាប់ ដែលបណ្តាលមកពីការធ្វើទីផ្សារឧស្សាហកម្មផលិតផលគ្រឿង ស្រវឹងដោយខ្វះការទទួលខុសត្រូវ។
ទោះជាយ៉ាងណាក្តី ជំហររបស់រាជរដ្ឋាភិបាលមិនឈានដល់បិទការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងស្រុងនោះទេ គឺគ្រាន់តែធ្វើការរៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងកុំឱ្យជ្រុលហួសហេតុដែលធ្វើឱ្យបាត់ បង់ការធ្វើទីផ្សារឧស្សាហកម្មគ្រឿងស្រវឹងដោយការទទួលខុសត្រូវ និងថ្លឹងថ្លែងអំពីការធានានិរន្តរ ភាពនៃដំណើរការលូតលាស់នៃសេដ្ឋកិច្ច និរន្តរភាពទីផ្សារការងាររបស់ប្រជាពលរដ្ឋកម្ពុជា និងធានាចំណូលសម្រាប់គាំទ្រដំណើរការទាំងប្រព័ន្ធផ្សព្វផ្សាយដែលកំពុងប្រឈមទៅនឹងស្ថានភាពបិទជាបន្តបន្ទាប់ ដោយសារការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល បណ្តាញទំនាក់ទំនងសង្គម និងវិបត្តិសេដ្ឋកិច្ចសកល ដែលពិភពលោក កំពុងជួបប្រទះនាពេលបច្ចុប្បន្ន ៕