សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញបញ្ជាឱ្យកងទ័ព និងកងកម្លាំងទាំងអស់យកចិត្តទុដាក់លើការប្រយុទ្ធប្រឆាំងការកាប់បំផ្លាញធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងបទល្មើសឆបោកតាមល្បែងអនឡាញខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។ ការចេញបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចលេខ៧០។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងយោធពលខេមរភូមិន្ទ ពិសេសកងទ័ពជើងគោកត្រៀមលក្ខណៈដើម្បីគាំទ្រដល់កងរាជអាវុធហត្ថ និងនគរបាលជាតិធ្វើការប្រយុទ្ធប្រឆាំងនឹងបទល្មើសធំៗដែលប៉ះពាល់ដល់សន្តិសុខជាតិនៅពេលខាងមុខ។ សម្តេចធិបតីបានគូសបញ្ជាក់ថា បទល្មើសដែលត្រូវចូលរួមប្រយុទ្ធប្រឆាំង រួមមាន បទល្មើធនធានធម្មជាតិ ការជួញដូរគ្រឿងញៀនឆ្លងដែន និងបទល្មើសឆបោកតាមអនឡាញ។ សម្តេចធិបតីបានថ្លែងបញ្ជាក់ថា៖ «កិច្ចការងារនេះគឺជាកិច្ចការដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ហើយមន្ត្រីអនុវត្តន៍របស់យើង ពិសេសកងកម្លាំងអនុវត្តន៍ច្បាប់ កងកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថបានបំពេញភារកិច្ចបានល្អ។ ប៉ុន្តែ ដោយសារស្ថានភាពនៃការប្រែប្រួលបទល្មើស ដែលជាហានិភ័យសម្រាប់សន្តិសុខជាតិ និងសន្តិសុខសម្រាប់ប្រជាពលរដ្ឋរបស់យើង»។
ជាមួយគ្នានោះដែរ សម្តេចធិបតីបានលើកឡើងថា នៅកម្ពុជាគ្មានសង្គ្រាមទៀតទេ តែបដិវត្តន៍អាចដុតប្រទេសយើងបានដែលឈានដល់ការរៀបចាំបង្កើតយុទ្ធនាការ ដែលចំណុចនេះព្រួយបារម្ភចំពោះសន្តិសុខក្នុងប្រទេស។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា សម្រាប់បទល្មើសបំផ្លាញធនធានធម្មជាតិ ការទន្ទ្រានយកធនធានធម្មជាតិ ការទប់ស្កាត់គ្រឿងញៀន និងទប់ស្កាត់ការរៀបចំបង្កើតយុទ្ធនាការប្រយុទ្ធ និងការឆបោក តាមប្រព័ន្ធអនឡាញនៅពេលខាងមុខដែលទាមទារឱ្យមានការចូលរួមពីកងកម្លាំង ប្រដាប់អាវុធក្នុងការចូលរួមជាមួយកងកម្លាំងនគរបាលយុត្តិធម៌ ដែលមានកងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ។ សម្តេចធិបតីបានឱ្យដឹងទៀតថា ក្នុងរយៈពេល៦ខែមកនេះកងកម្លាំងប្រដាប់អាវុធ និង កងទ័ពជើងគោកក៏បានចូលរួមទប់ស្កាត់នៅតំបន់ដែលមានការទន្ទ្រានកាប់ព្រៃឈើផងដែរ។
ក្នុងឱកាសនោះ ដើម្បីទប់ស្កាត់បទល្មើសទាំងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា បញ្ហាទាំងនេះត្រូវមានកម្លាំងជាប់ជានិច្ច ដែលពេលកន្លងមកនេះបានដាក់ចេញកងកម្លាំងកងយោធពលខេមរភូមិន្ទនៅភូមភាគីទី១ ទី៤ និងទី៥ បានចូលទៅកាន់ទីតាំងដែលជនល្មើសប្រព្រឹត្ត។ សម្តេចធិបតីបានអះអាងទៀតថា ការប្រយុទ្ធប្រឆាំងនឹងគ្រោះហានិភ័យដល់ប្រទេសជាតិមិនមែនតែជាមួយសង្គ្រាមនោះទេ ហើយក៏មិនមែនតែការបំផ្លិចបំផ្លាញសន្តិភាព អសន្តិសុខនោះទេ ប៉ុន្តែការបំផ្លាញប្រទេសកម្ពុជា តាមរយៈការ បំផ្លាញធនធានជាតិ ឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែន ពិសេសគ្រឿងញៀន។ សម្តេចធិបតីបានបន្ដទៀតថា កន្លងមកនេះយើងគ្មានការពង្រាយកងកម្លាំងប្រដាប់អាវុធជាផ្លូវការដើម្បីទប់ស្កាត់បទល្មើសនោះទេ ប៉ុន្តែពេលនេះយើងត្រូវត្រៀមកម្លាំងដើម្បីរៀបចំផែនការ សម្រាប់បទល្មើសទាំងនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា៖ «បើយើងចាប់បានបទល្មើស គ្រឿងញៀនតាមទន្លេ ព្រោះកន្លែងខ្លះ មានរាប់រយគីឡូម៉ែត្រ ឆ្លងតាមព្រំដែន ដែលកម្លាំងប៉ូលីស កងកម្លាំង រាជអាវុធហត្ថមានតិច កងកម្លាំងកងទ័ពមាន ប៉ុន្តែគ្មានបទបញ្ជាក្នុងការជួយ។ អីចឹងកិច្ចការងារនេះ យើងមានរួចហើយដូច្នេះការជួយទប់ស្កាត់បទល្មើសទាំងនោះមិនខុសច្បាប់នោះទេ ក្នុងការប្រើកងទ័ពបង្ក្រាបបទល្មើសតាមព្រំដែន និងបទល្មើសឆបោកតាម អនឡាញ»៕