ខេត្តកណ្តាល៖ ព្រោះតែភ្លើងប្រចណ្ឌបុរសម្នាក់ បានវាយនារីជាសង្សារជាំភ្នែកម្ខាង ខណៈដែលក្រុមគ្រួសារនារីរងគ្រោះចូលទៅឃាត់សួរនាំ ក៏ត្រូវបានបុរសជាសង្សារនោះបានស្ទុះទៅទាញដំបងវាយបន្ថែមទៀត ។ ហេតុការណ៍បង្កភ្ញាក់នេះដែលបានកើតទ្បើងកាលវេលាម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆេង សិរីរត្ន័ (ត្រូវជាសង្សារ) ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ បកប្រែភាសារចិន ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ តាំង វុបុល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កម្មកររោងចក្រ
ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ក្រុងតាខ្មៅ ខេត្តកណ្តាល ។ មានសារធាតុញៀនក្នុងទឹកនោម(វិជ្ជមាន) និង ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២ដង (ពាក់ព័ន្ធករណីហិង្សា ,គ្រឿងញៀន)។ ដកហូតវត្ថុតាងរួមមាន៖ ដំបងឈើចំនួន០១, ដុំថ្មចំនួន០៤ដុំ ។
បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ និង ជនសង្ស័យត្រូវជាសង្សារនឹងគ្នា ស្រាប់តែជនសង្ស័យបានកើតចិត្តប្រចណ្ឌរករឿង ទៅលើនារីរងគ្រោះ ពេលនោះមានការឈ្លោះប្រកែកយ៉ាងខ្លាំង ក៏កើតជាជម្លោះស្រាប់តែជនសង្ស័យស្ទុះទៅវាយជនរងគ្រោះបណ្តាលឱ្យជាំភ្នែកម្ខាង គ្រាន់តែឃើញបែបនេះក៏ក្រុមគ្រួសារនារីរងគ្រោះបានចូលទៅជួយឃាត់ដើម្បីសួរនាំ តែត្រូវជនសង្ស័យនោះស្ទុះ ទៅទាញយកដំបង និង ដុំថ្មដេញគប់បន្ថែមទៀត ។ ភ្លាមៗនោះក៏ត្រូវបានបងប្អូន ប្រជាពលរដ្ឋប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចក្រុងតាខ្មៅ ដើម្បីធ្វើការអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះបណ្តាលឱ្យមានរបួសស្នាមប្រាកដមែន មូលហេតុ( ប្រចណ្ឌជនរងគ្រោះ )។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅកំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕ នុច



