រាជធានីភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា វិធានការ៣កុំ និង៣ការពារជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុត ក្នុងការការពារខ្លួនទប់ស្កាត់និងការរីករាលដាលនៃជំងឺកូវីដ-១៩នោះ។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៤ ខែមីនាឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា “ម្នាក់ឯងបានហើយក្នុងសម័យជំងឺឆ្លងកូវីដ-១៩។ ៣កុំ និង៣ការពារជាវិធីការពារដ៏មានប្រសិទ្ធភាពបំផុត”។
គួរបញ្ជាក់ដែរថា ៣កុំ និង៣ការពារ ជាវិធានការដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍។ ក្នុងនោះ «៣កុំ» មានន័យថា ទី១ កុំចាប់ដៃគ្នា ដោយប្រើប្រពៃណីវប្បធម៌សំពះរបស់ខ្មែរយើងជាជំនួសវិញ។ ទី២ កុំទៅកន្លែងណា ដែលមានមនុស្សច្រើន និងទី៣ កុំនៅក្នុងបន្ទប់បិទជិត គ្មានខ្យល់ចេញ-ចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។ រីឯ«៣ការពារ»មាន ទី១ ត្រូវនាំគ្នាពាក់ម៉ាសឱ្យបានគ្រប់គ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីកន្លែងសាធារណៈ។ ទី២ ត្រូវលាងសម្អាតដៃជាមួយអាល់កុល ឬជែលជាប្រចាំ និងឱ្យបានញឹកញាប់ ជាពិសេសមុនពេល បរិភោគអាហារ និងក្រោយពេលបានប៉ះពាល់វត្ថុផ្សេងៗ និងទី៣ ត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយត្រូវនៅឃ្លាតពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះជាដើម។ បើតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៧ ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ១ ៣០៥ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៦៤៧នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៥៦នាក់ និងស្លាប់ដោយសារកូវីដ-១៩ ចំនួន០១នាក់៕
ប្រភពផេកក្រសួងព័ត៌មាន



