យ៉ាងហោចណាស់មនុស្ស​៨​នាក់បានស្លាប់ និងជាច្រើននាក់កំពុងបាត់ខ្លួន ក្នុង​ករណីដួលរលំសណ្ឋាគារ នៅភាគខាងកើតប្រទេស​ចិន
អន្តរជាតិ
136

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរបាននិយាយនៅថ្ងៃអង្គារទី ១៣ ខែកក្កដានេះថា យ៉ាងហោចណាស់មានមនុស្ស​៨ នាក់បានស្លាប់ និង​៩​នាក់កំពុងបាត់ខ្លួននៅក្នុងការបាក់រលំសណ្ឋាគារមួយនៅទីក្រុងស៊ូចូវ ភាគខាងកើតប្រទេសចិន។

រដ្ឋាភិបាលស៊ូចូវ បាននិយាយថា សណ្ឋាគារ Siji Kaiyuan បានដួលរលំកាលពីរសៀលថ្ងៃច័ន្ទ។ មនុស្សភាគច្រើននៅក្នុងអគារនៅពេលនោះគឺជាភ្ញៀវសណ្ឋាគារ។ មនុស្ស ២២ នាក់បានជាប់នៅក្នុងការបាក់រលំ ហើយ​៦​នាក់ត្រូវបានជួយសង្គ្រោះ។

មនុស្សជាង​៦០០​នាក់រួមទាំងក្រុមជួយសង្គ្រោះ​និងរថយន្ត​១២០​គ្រឿង ត្រូវបានចេញប្រតិបត្តិការ​នេះភ្លាមៗផងដែរ។ ក្រុមអ្នកជួយសង្គ្រោះ បានប្រើ​ឆ្កែស្វែងរកដើម្បីស្វែងរកអ្នក​រស់រានមានជីវិត។

ពាក់ព័ន្ធជុំវិញនឹងករណីនេះ គេមិនទាន់បានដឹងអំពីមូលហេតុនៃគ្រោះមហន្តរាយនេះនៅឡើយនោះទេ​។

សណ្ឋាគារនេះបានបើកដំណើរការកាលពី​ឆ្នាំ​២០១៨ ហើយមានបន្ទប់ភ្ញៀវចំនួន​៥៤ នេះបើយោងតាមការចុះបញ្ជី​នៅលើគេហទំព័រធ្វើដំណើរ​Ctrip​។

ទីក្រុងស៊ូចូវជាទីក្រុងមួយដែលមានចម្ងាយ​ប្រហែល​១០០គីឡូម៉ែត្រភាគខាងលិចទីក្រុងសៀងហៃ​គឺជាទិសដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរដែលបានទាក់ទាញទៅកម្សាន្តកន្លែងដែលមានអាយុកាលរាប់សតវត្សរ៍។

ការដួលរលំនៃសណ្ឋាគារដាច់ដោយឡែកមួយ នៅទីក្រុង Quanzhou ភាគខាងត្បូងប្រទេសចិនកាលពីខែមីនាឆ្នាំមុន បានសម្លាប់មនុស្សចំនួន​២៩​នាក់៕

ប្រភព៖  Channel News Asia ប្រែសម្រួល៖ នង ណារិន(Irin)

Telegram