វៀតណាមកាន់តែធ្ងន់ធ្ងរហើយ! ករណីឆ្លង​កូវីដ១៩កើនឡើង​ជិត​៣,០០០នាក់ក្នុងមួយថ្ងៃ ខណៈតាមមន្ទីរពេទ្យមួយចំនួនខ្វះកន្លែងដាក់អ្នកជំងឺ
អន្តរជាតិ
168

អន្តរជាតិ៖ សារព័ត៌មាន Vn Express បានចេញផ្សយានៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា រូបភាពដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook ក្នុងប្រទេសវៀតណាម បានបង្ហាញអំពីភាពកកកុញ នៅតាមមន្ទីរពេទ្យមួយចំនួន ដោយសារតែអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័កកំពុងកើនឡើង ដោយខ្លះត្រូវបង្ខំចិត្តគេងនៅក្នុងតង់ និងនៅតាមទីធ្លាក្រៅមន្ទីរពេទ្យ ជាបណ្តោះអាសន្នដើម្បីរង់ចាំការសង្គ្រោះ និងព្យាបាល។

​ករណីឆ្លងដែលបានកើនឡើងរហូតដល់ជិត ៣,០០០នាក់ក្នុងមួយថ្ងៃ និងការសម្រុកធ្វើតេស្តសម្រាប់ករណីពាក់ព័ន្ធ COVID-19 បាននិងកំពុងដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ ដល់ទីក្រុងហូជិមិញ នៃភាគខាងត្បូងប្រទេសវៀតណាម ដែលកំពុងស្ថិតនៅក្នុងការបិទខ្ទប់ (Lockdown) ស្រាប់ទៅហើយនោះ។

បើតាមសារព័ត៌មានវៀតណាម Thanh Nien ដែលបានចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា តំបន់សេដ្ឋកិច្ច និងរោងចក្រមួយចំនួន ដែលមានសង្វាក់ផលិតកម្មចាំបាច់ អាជ្ញាធរបានតម្រូវឲ្យខាងស្ថាប័នទាំងនោះ រៀបចំកន្លែងស្នាក់នៅសម្រាប់ បុគ្គលិកសំខាន់ៗឲ្យបានសមរម្យ។ ប៉ុន្តែបើតាមរូបភាពមួយចំនួន ដែលត្រូវបានចុះផ្សាយ កម្មករជាច្រើនត្រូវបានរៀបចំឲ្យស្នាក់នៅក្នុងតង់ ហើយប្រការនេះក៏កំពុងទទួលការរិះគន់ផងដែរ។

ដោយឡែករោងចក្រនៃក្រុមហ៊ុនធំៗមួយចំនួន​បានផ្អាកផលិតកម្មរបស់ខ្លួន ជាបណ្តោះអាសន្នក្នុងទីក្រុងហូជីមិញ ដោយសារតែផ្ទុះករណីឆ្លងនៅតាមរោងចក្រ និងសហគ្រាសរបស់ពួកគេ។ អាជ្ញាធរទីក្រុងហូជីមិញ កំពុងតែស្វះស្វែងដោះស្រាយបញ្ហា យ៉ាងបន្ទាន់បំផុត ខណៈប្រជាជនរស់នៅទីនេះមានរហូតដល់ជិត ៩លាននាក់ឯណោះ និងជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់បំផុត របស់ប្រទេសអាស៊ានមួយនេះ។

គួរបញ្ជាក់ថា វៀតណាមបានត្រៀមរៀបចំទម្រង់ នៃការព្យាបាលអ្នកជំងឺ COVID-19 ដូចមានរាងពីរ៉ាមីតពីក្រោមទៅលើចំនួន ៤ កម្រិត គឺកម្រិតទី១ ត្រៀមគ្រែចំនួន ៣០.០០០គ្រែព្យាបាល FO (អ្នកមិនមានរោគសញ្ញា ឬ ស្រាល), កម្រិតទី២ ត្រៀមគ្រែចំនួន ២.៥០០គ្រែសម្រាប់ព្យាបាល FO (អ្នកចេញរោគសញ្ញា), កម្រិតទី ៣ ត្រៀមគ្រែចំនួន ៣.០០០គ្រែព្យាបាលអ្នកជំងឺ FO ដែលមានជំងឺប្រចាំកាយ ឬមានជំងឺទន្ទឹមនឹងពេលកើតកូវីដ (ជំងឺប្រចាំកាយធ្ងន់ធ្ងរ ឬ ហានិភ័យខ្ពស់) និងកម្រិតទី ៤ ចំនួន ១.២០០គ្រែ សម្រាប់សង្គ្រោះបន្ទាន់ ( COVID-19 ធ្ងន់ធ្ងរ ឬសង្គ្រោះបន្ទាន់)។

គិតត្រឹមថ្ងៃពុធម្សិលមិញ វៀតណាមមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនដល់ ៣៧,៤៣៤នាក់ ក្នុងនោះស្លាប់ ១៣០នាក់ និងជាសះស្បើយ ៩,៦២៤នាក់៕

ប្រភព៖ Vn Express ប្រែសម្រួល៖ នង ណារិន(Irin)

Telegram