មនុស្ស ៦៨ នាក់បានស្លា.ប់ ដោយគ្រោះទឹកជំនន់ដ៏អាក្រក់ នៅអាល្លឺម៉ង់ និងប៊ែលហ្សិក
អន្តរជាតិ
126

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ បណ្តាលឱ្យលិចតំបន់អឺរ៉ុបខាងលិច បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩ នាក់នៅប្រទេសអាល្លឺម៉ង់ និង ៩នាក់នៅប៊ែលហ្សិក ហើយមនុស្សជាច្រើនទៀតកំពុងបាត់ខ្លួន ខណៈទឹកជំនន់កំពុងកើនឡើងបណ្តាលឱ្យផ្ទះជាច្រើនខ្នងបានលិចរងការខូចខាត កាលពីថ្ងៃព្រហស្បតិ៍ (១៥ ខែកក្កដា) ។

នៅប្រទេសអាឡឺម៉ង់ ដែលកំពុងជួបប្រទះគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទី ២ អ្នកស្រុកអស់សង្ឃឹម បានស្វែងរកជម្រកនៅលើដំបូលផ្ទះ ខណៈឧទ្ធម្ភាគចក្រជួយសង្គ្រោះព័ទ្ធជុំវិញ។

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន អធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មឺគែល(Angela Merkel) បាននិយាយថា«បេះដូងរបស់អ្នកចេញទៅក្រៅ»ចំពោះជនរងគ្រោះដោយទឹកជំនន់។

លោកស្រីមានប្រសាសន៍ថា«ខ្ញុំខ្លាចថាយើងនឹងបានឃើញពីគ្រោះមហន្តរាយដែលអាចកើតមានក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ »។ លោកស្រីបានបន្ថែមថា រដ្ឋាភិបាលកំពុងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយ (ប្រជាជន) ក្នុងភាពលំបាករបស់ពួកគេ»។

ក្នុងនោះអាជ្ញាធរអាល្លឺម៉ង់ បាន បញ្ជាក់ថា សាកសពចំនួន ៣១នាក់ត្រូវបានរកឃើញនៅក្នុងរដ្ឋ ដែលមានប្រជាជនច្រើនបំផុតរបស់ខ្លួន គឺរដ្ឋ North Rhine-Westphalia ខណៈ ២៨នាក់ទៀតនៅក្នុងរដ្ឋជិតខាង គឺរដ្ឋ Rhineland-Palatinate ហើយមនុស្សប្រហែល ១,៣០០នាក់ផ្សេងទៀតបានបាត់ខ្លួន។ ប្រជាជនប្រហែលជា ២០០,០០០គ្រួសារ នៅក្នុងរដ្ឋ North Rhine-Westphalia និង Rhineland-Palatinate ក៏កំពុងគ្មានអគ្គីសនីប្រើប្រាស់ផងដែរ។

ចំណែកឯនៅបែលហ្ស៊ិកវិញ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបណ្តាលឱ្យទឹកទន្លេនៅតំបន់ Wallonia កើនឡើងយ៉ាងខ្លាំងរហូតដល់ជន់លិចខេត្ត Liege និង Namur ហើយប្រជាជននៅខេត្ត Liege ប្រមាណជិត ១,៨០០នាក់ត្រូវបានគេប្រាប់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ឱ្យជម្លៀសចេញជាបន្ទាន់ ខណៈបណ្តាញផ្លូវដែក Infrabel របស់ប្រទេសនេះ ក៏កំពុងត្រូវផ្អាកសេវាកម្មនៅពាក់កណ្តាលភាគខាងត្បូងនៃប្រទេសនេះផងដែរ ដោយសារតែហានិភ័យក្នុងការធ្វើដំណើរ៕

ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន(Irin)

Telegram