អន្តរជាតិ៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មនុស្សជាង ៤.៣០០ នាក់បានស្លាប់ដោយសារជំងឺ«ផ្សិតខ្មៅ»នៅក្នុងប្រទេសឥណ្ឌា នៅក្នុងការរីករាលដាលដែលកើតចេញ ភាគច្រើនពីការប៉ះពាល់ដល់អ្នកជំងឺ Covid-19 ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Mansukh Mandaviya បាននិយាយថា ប្រទេសឥណ្ឌា បានរាយការណ៍ថា មានករណីឆ្លងដ៏កម្រនិងគ្រោះថ្នាក់បំផុត ចំនួន ៤៥,៣៧៤ ករណី ដែលត្រូវបានគេហៅថា mucormycosisឬជំងឺផ្សិតខ្មៅ។ ជំងឺវាបង្កឲ្យមានការប៉ះពាល់ដល់ច្រមុះ ភ្នែក និង ខួរក្បាល ហើយជាធម្មតាវាកើតឡើងក្នុងរយៈពេល ១២-១៨ ថ្ងៃ បន្ទាប់ពីការជាសះស្បើយពី Covid ។
គ្រូពេទ្យនិយាយថា ផ្សិតខ្មៅនេះមានទំនាក់ទំនងជាមួយ ស្តេរ៉ូអ៊ីត(Steroids) ដែលត្រូវបានប្រើដើម្បីព្យាបាល Covid ហើយអ្នកជំងឺទឹកនោមផ្អែម មានហានិភ័យជាពិសេស។ សារធាតុ ស្តេរ៉ូអ៊ីត(Steroids)កាត់បន្ថយការរលាកនៅក្នុងសួត សម្រាប់អ្នកជំងឺ Covid-19 ហើយវាហាក់ដូ ចជាជួយបញ្ឈប់ការបំផ្លាញមួយចំនួនដែលអាចកើតឡើង នៅពេលដែល ប្រព័ន្ធភាពស៊ាំរបស់រាងកាយរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Corona ។
ប៉ុន្តែពួកគេក៏កាត់បន្ថយភាពស៊ាំនិងជំរុញកម្រិតជាតិស្ករក្នុងឈាមទាំងអ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺ Covid-19 ដែលមិនមានជំងឺទឹកនោមផ្អែម។ គ្រូពេទ្យនិយាយថា ការចាក់ថ្នាំប្រឆាំងនឹងផ្សិតគឺជាថ្នាំតែមួយគត់ដែលមានប្រសិទ្ធភាពប្រឆាំងនឹងជំងឺនេះ។ វាគឺជាជំងឺដែលមានភាពកាចសាហាវ ហើយគ្រូពេទ្យ ត្រូវបានបង្ខំវះកាត់ យកភ្នែក ច្រមុះ និងថ្គាម ចេញពីអ្នកជំងឺ ដើម្បីបញ្ឈប់វារាលដាលទៅដល់ខួរក្បាល។
រដ្ឋដែលរងគ្រោះខ្លាំងជាងគេចំនួន ២ គឺរដ្ឋ Maharashtra និងរដ្ឋ Gujarat ដែលមានមនុស្ស ១.៧៨៥ នាក់បានស្លាប់ដោយសារជំងឺមួយ នេះ ។
ក្រុមអ្នកជំនាញបានសន្មត់ថា ការកើនឡើងថ្មីៗនេះ ដោយសារការប្រើប្រាស់ថ្នាំស្តេរ៉ូអ៊ីតច្រើនពេកក្នុងការព្យាបាល COVID-19 ។ រដ្ឋាភិបាលឥណ្ឌា បានប្រកាសពីការរីករាលដាលនៃជំងឺផ្សិតនេះកាលពីខែឧសភា ខណៈដែលករណីជាច្រើនបានផ្ទុះឡើងខ្លាំង ។
ទិន្នន័យរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារ បានបង្ហាញថាចំនួននៃការឆ្លងបានឡើងដល់កំពូលក្នុងអំឡុងខែឧសភានិងមិថុនា ហើយចាប់តាំងពីពេលនោះមកមានការថយចុះគួរឱ្យកត់សម្គាល់៕
ប្រភព៖ BBC ប្រែសម្រួល៖ នង ណារិន(Irin)