អន្តរជាតិ៖ សារព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសចិន បានព្រមាន ដល់ចក្រភពអង់គ្លេស ដែលកំពុងបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង HMS Queen Elizabeth កុំឲ្យធ្វើសកម្មភាពណាមួយដែលមិនត្រឹមត្រូវ ចំពោះការបើកចូលដែនសមុទ្រចិនខាងត្បូង។
សារព័ត៌មាន Global Times ដែលគាំទ្ររដ្ឋាភិបាលនិយាយថា កងទ័ពជើងទឹកកងទ័ពរំដោះប្រជាជន កំពុងស្ថិតក្នុងស្ថានភាពត្រៀមខ្លួនសម្រាប់ប្រយុទ្ធជានិច្ច។
ប្រទេសចិន បាននិងកំពុងតាមដានយ៉ាងដិតដល់នូវវឌ្នភាព ឆ្ពោះទៅទិសខាងកើតនៃនាវា Carrier Strike Group ដែលបច្ចុប្បន្នកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូង ឆ្ពោះទៅប្រទេសជប៉ុន ខណៈដែលចិនបានចោទប្រកាន់អង់គ្លេសថា«កំពុងតែដែនការគ្រប់គ្រងរបស់ខ្លួន»។
កងនាវាចរបានធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកសិង្ហបុរី ហើយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក បេន វ៉លឡេស មិនបានលាក់បាំងពីចេតនាធ្វើសមយុទ្ធដែលគេហៅថា« សេរីភាពនាវាចរណ៍» ឆ្លងកាត់សមុទ្រចិនខាងត្បូងនោះឡើយ។
ផ្ទុយពីសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ឆ្នាំ២០១៦ ចិន អះអាងថា សមុទ្រភាគច្រើនជាកម្មសិទ្ធិរបស់ខ្លួន ហើយបាននឹងកំពុងសាងសង់កោះនិងផ្លូវរត់សិប្បនិម្មិត ដែលស្ថិតនៅជិតដែនទឹកនៃរដ្ឋជិតខាង។
នាវាចម្បាំងអាមេរិកនិងកងទ័ពជើងទឹកនាពេលថ្មីៗនេះបានជំទាស់នឹងការទាមទាររបស់ចិន ចំពោះអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង ដោយចេតនាបើកឆ្លងកាត់វានៅទីនោះ។
លោក Veerle Nouwens អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Royal United Services(Rusi) ដែលជាក្រុមអ្នកវិភាគនៅទីក្រុងឡុងដ៍និយាយថា« ចិន មិនស្វែងរកការប្រឈមមុខដោយផ្ទាល់ជាមួយសម្ព័ន្ធមិត្តអាមេរិក នៅសមុទ្រចិនខាងត្បូងនោះទេ»។
គួរបញ្ជាក់ថា ប្រទេសចិន បាននិងកំពុងធ្វើសមយុទ្ធយោធាយ៉ាងទូលំទូលាយនៅក្នុងតំបន់នៅសប្តាហ៍នេះ ដោយអនុវត្តការវាយលុកតាមឆ្នេរសមុទ្រក្នុងចលនាមួយដែលបានធ្វើឱ្យអ្នកវិភាគមួយចំនួនព្រួយបារម្ភថា ចិនកំពុងរៀបចំខ្លួនដើម្បីឈ្លានពានកោះតៃវ៉ាន់៕
ប្រភព៖ BBC ប្រែសម្រួល៖ នង ណារិន