កូវីដនិងរដ្ឋប្រហារ កំពុង​រុញច្រានឱ្យប្រទេសមីយ៉ាន់ម៉ា​កាន់តែធ្លាក់ចូលមាត់ជ្រោះមហន្តរាយ​
អន្តរជាតិ
111

អន្តរជាតិ៖ វាជាវិបត្តិទ្វេដង ដែលបានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ា គ្មានកន្លែងដកដង្ហើម​- រដ្ឋប្រហារយោធា រួមជាមួយជំងឺរាតត្បាត ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។ សារព័ត៌មាន BBC បានចេញផ្សយនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី ១ ខែកុម្ភៈ យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល ដែលនាំឱ្យមានការតវ៉ាទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដែលមិនមានសញ្ញានៃការអន់ថយនោះទេ​។ ក្នុងចំណោមអ្នកតវ៉ា​មានបុគ្គលិកថែទាំសុខភាពរាប់ពាន់នាក់ ដែលបានដើរចេញដែលនាំឱ្យមានការដួលរលំនៅក្នុងប្រព័ន្ធថែទាំសុខភាពនិងការចាក់វ៉ាក់សាំងនិងការធ្វើតេស្ត​របស់មីយ៉ាន់ម៉ា ធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់។

ហើយឥឡូវនេះ ករណីឆ្លងវីរុសកូរ៉ូណា ដែលបង្កឡើងដោយវ៉ារ្យ៉ង់​ Delta ដែលមានការឆ្លងខ្លាំង បានធ្វើឱ្យប្រទេសនេះរងផលប៉ះពាល់ជាថ្មី។ ប្រជាជនកំពុងតម្រង់ជួរនៅខាងក្រៅរោងចក្រអុកស៊ីសែន ដោយសង្ឃឹមថា នឹងទិញបាន ទោះបីជារដ្ឋាភិបាលបានហាមឃាត់ការលក់អុកស៊ីសែនដោយផ្ទាល់ដល់សាធារណៈជនក៏ដោយ។ ក្នុងនោះ កន្លែងបូជាសព ពោរពេញដោយសាកសពជាច្រើន។

​រហូតមកដល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ា​ បានរាយការណ៍ថា មានករណីជាង​២៨០.០០០​ករណី និងមានអ្នកស្លាប់ចំនួន ៨.២០០​នាក់។ នៅខែកក្កដា ប្រទេសមីយ៉ាន់ម៉ាដែលមានប្រជាជនប្រហែល​៥៤ លាននាក់បានធ្វើតេស្តតែពី ៩.០០០ ទៅ ១៧.០០០ នាក់ក្នុងមួយថ្ងៃ។ ការស្លាប់នៅតាមផ្ទះទំនងជាមិនត្រូវបានរាប់ផងដែរ។ មានតែអ្នកដែលស្លាប់ នៅមណ្ឌលសុខភាពប៉ុណ្ណោះ ដែលត្រូវបានបញ្ចូលក្នុងតួលេខផ្លូវការ។

អុកស៊ីសែន បានក្លាយជាទំនិញដ៏មានតម្លៃ និងមានភាពចម្រូងចម្រាសបំផុតមួយរបស់មីយ៉ាន់ម៉ា។ មេដឹកនាំយោធាលោក មីន អ៊ុង​ឡាំង បានបដិសេធថា ប្រទេសនេះមិនមានកង្វះខាតនោះទេ ដោយនិយាយថា ប្រជាជនកំពុងស្តុកទុកដោយសារតែ«ការព្រួយបារម្ភ»។ យោធា ក៏បានរឹតត្បិតការលក់អុកស៊ីសែន ទៅឱ្យអ្នកលក់ឯកជនផងដែរ ដើម្បីការពារកុំឱ្យមាន«ការកកកុញមនុស្សច្រើន»។

រដ្ឋប្រហារនេះក៏នាំឱ្យមានការរំខានដល់ដំណើរការចាក់ថ្នាំបង្ការរបស់ប្រទេស ដែលត្រូវបានចាប់ផ្តើមដោយរដ្ឋបាលមុនប្រាំថ្ងៃមុនពេលរដ្ឋប្រហារ។ យោធាបាននិយាយថា វ៉ាក់សាំងរបស់ចិនចំនួន ៦ លាននិងវ៉ាក់សាំងរុស្ស៊ីពីរលាននឹងត្រូវបញ្ជូនក្នុងពេលឆាប់ៗនេះ។

យោងតាមប្រធានក្រុមប្រឹក្សារដ្ឋបាលតំបន់យ៉ាំងហ្គោនលោកស្រី Hla Soe មានសាកសពប្រហែល ១៥០០ នាក់ដែលត្រូវបានកត់ត្រានៅថ្ងៃទី​១៩ ខែកក្កដា ពោលគឺខ្ពស់ជាងចំនួនអ្នកស្លាប់ទូទាំងប្រទេសចំនួន​២៨១​នាក់។ លោកស្រីនិយាយថា ទីបញ្ចុះសពនៅទីក្រុងយ៉ាំងហ្គោន ត្រូវបានបូជា​ចំនួន​៣០០​នាក់ក្នុងមួយថ្ងៃ៕

ប្រភព៖  BBC ប្រែសម្រួល៖ នង ណារិន

Telegram