អន្តរជាតិ៖ ក្រុមបាតុករជាច្រើនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ដោយមធ្យោបាយ រថយន្ត និងម៉ូតូ នៅទីក្រុងបាំងកក និងបណ្តាខេត្តនានា ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អ៊ូចា លាលែងពីតំណែង ជុំវិញនឹងការដោះស្រាយការរីករាលដាលនៃជំងឺកូវីដ -១៩មិនល្អប្រសើរ។
បើតាមសារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋាភិបាលថៃ នៅថ្ងៃទី១ ខែសីហា សម្រេចបន្តវិធានការបិទខ្ទប់ និងបម្រាមគោចរចំនួន២សប្ដាហ៍ទៀត ក្នុងខេត្តចំនួន១៣ រួមទាំងទីក្រុងបាងកក រហូតដល់ថ្ងៃទី ១៦ ខែសីហា ដែលរងគ្រោះខ្លាំងដោយសាររលកឆ្លងជំងឺកូវីដ-១៩ និងខេត្តចំនួន១៦ ក៏ត្រូវបញ្ចូលក្នុងបញ្ជីតំបន់មានហានិភ័យខ្ពស់ដែលត្រូវរឹតត្បិត។ ការបន្តវិធានការបិទខ្ទប់នៅទីក្រុងបាងកក និងខេត្ត២៨ទៀត ត្រូវបានអនុម័តក្នុងកិច្ចប្រជុំមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងកូវីដ-១៩ នៅថ្ងៃទី១ ខែសីហា ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ។
ក្នុងក្រុងបាំងកក អ្នកបើកបរបានបញ្ចេញឡេងម៉ូតូ និងរថយន្តព្រមជាមួយនឹងលើកដៃឡើងលើបង្ហាញម្រាម៣ជាកាយវិការនៃការតស៊ូ ខណៈក្បួនហែរតវ៉ាលាតសន្ធឹងរហូតដល់២០គីឡូម៉ែត្រ គិតចាប់ពីវិមានប្រជាធិបតេយ្យនៅកណ្តាលទីក្រុង រហូតដល់ព្រលានយន្តហោះ Don Mueang។
អ្នកតវ៉ានិយាយថា ៖«យើងស្ទើរតែមិនអាចរស់នៅបានទេឥឡូវនេះ គ្រប់សមាជិកគ្រួសារខ្ញុំរងផលប៉ះពាល់ទាំងអស់»។«រដ្ឋាភិបាលបានបរាជ័យផ្តល់វ៉ាក់សាំងឲ្យទាន់ពេលវេលា និងពួកយើងជាច្រើនអត់ទាន់ចាក់វ៉ាក់សាំងទេ។ ប្រសិនបើមិនចេញមកអំពាវនាវ រដ្ឋាភិបាលនឹងនៅតែព្រងើយចំពោះពួកយើង»។
ការតវ៉ាដូចនៅទីក្រុងដែរ ក៏មាននៅតាមបណ្តាខេត្តនានាជាច្រើនដូចជា ខេត្ត Tak, Khon Kaen, Kanchanaburi, Surat Thani, Nakhon Sawan, Phetchabun និង Nakhon Ratchasima ជាដើម។
អ្នកសម្របសម្រួលក្នុងការជួបជុំនៅខេត្ត Kanchanaburi និយាយថា រដ្ឋាភិបាលគួរទទួលខុសត្រូវចំពោះបរាជ័យរបស់ខ្លួនជុំវិញការដោះស្រាយវិបត្តិកូវីដ-១៩បណ្តាលឲ្យមនុស្សស្លាប់គឺត្រូវចុះចេញពីអំណាច។
គួរបញ្ជាក់ថា ប្រទេសថៃមានគោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនឲ្យបាន៥០លាននាក់ក្នុងឆ្នាំ២០២១ ប៉ុន្តែរហូតដល់ពេលនេះទើបចាក់បានពេញទាំងពីរដូសបានតែ៥.៨%នៃប្រជាជនប៉ុណ្ណោះ ខណៈអ្នកចាក់បានមួយដូសបាន២១%។
គិតត្រឹមថ្ងៃអាទិត្យ ទី១ ខែសីហា ថៃមានករណីឆ្លងថ្មីច្រើនបំផុតដល់ ១៨,០២៧នាក់ និងស្លាប់១៣៣នាក់ ដែលសរុបករណីឆ្លង ៦១៥,៣១៤នាក់ និងស្លាប់៤,៩៩០នាក់៕
ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន