ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេក នាយកដ្ឋាន ផ្សព្វផ្សាយ អប់រំ បានឲ្យដឹងថា ជនសង្ស័យម្នាក់ មិនខុសនិងពាក្យចាស់លោកតែងនិយាយថា( ត្រីឆ្តោវាស៊ីកូនឯង) បានធ្វើសកម្មភាពចាប់រំលោភកូនខ្លួនឯងបានសម្រេចរហូតដល់ទៅ៨ដង ដោយស៊ូទ្រាំនឹងទង្វើដ៏លាមកនេះមិនបាន ក្មេងស្រីរងគ្រោះជាកូនបង្កើតបានប្តឹងនគរបាលឲ្យចាប់ខ្លួន ជនសង្ស័យត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជនសង្ស័យជាឪពុកឈ្មោះ ឈុន រី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានក្មេងស្រីរងគ្រោះជាកូនបង្កើតអាយុ១៤ឆ្នាំ បានប្តឹងនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតឲ្យចាប់ឃាត់ខ្លួន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយចោទប្រកាន់ថា ជនសង្ស័យជាឪពុករូបនេះ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង០៩និង៣០នាទីយប់ ខណៈពេលដែលម្តាយនិងយាយមិននៅផ្ទះ រវល់ទៅលេងផ្ទះបងប្អូនមិនបានត្រឡប់មកវិញ ហើយនាងនៅផ្ទះតែ០២នាក់ឪពុក ពេលនាងកំពុងតែដេកនៅលើគ្រែខាងមុខផ្ទះ ស្រាប់តែឪពុករបស់នាងបានមកចាប់នាងពីលើហើយបិទមាត់និយាយថាកុំស្រែកបើហ៊ានស្រែកនិងប្រាប់ម៉ែ គាត់នឹងសម្លាប់ចោលមួយពូជ រួចក៏ធ្វើសកម្មភាពរំលោភបានសម្រេច ហើយនៅក្នុងអំឡុងខែកក្កដានេះ ជនសង្ស័យជាឪពុកតែងចាប់នាងរំលោភដល់ទៅ៧លើក។ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ គាត់បានធ្វើសកម្មភាពចាប់រំលោភខ្ញុំម្ដងទៀតនៅក្រោយផ្ទះកន្លែងងូតទឹក ដោយស៊ូទ្រាំនឹងទង្វើដ៏អាក្រក់របស់ឪពុកនាងមិនបានក៏ប្រាប់ម្តាយរបស់នាងនិងនាំនាងមកប្តឹងនគរបាលឲ្យចាប់ខ្លួន ។
លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា៖ ក្រោយពីឃាត់ខ្លួននិងសួរនាំ ជនសង្ស័យមិនព្រមសារភាពពីទង្វើរបស់ខ្លួនទៅលើក្មេងស្រីរងគ្រោះនោះឡើយ ដោយអនុវត្តតាមបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានបណ្តឹងពីក្មេងស្រីរងគ្រោះ ជនសង្ស័យត្រូវបានចាប់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត ។
ម្យ៉ាងវិញទៀតជនសង្ស័យឈ្មោះ ឈុន រី នេះ ធ្លាប់ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ពីបទរំលោភលើក្មេងស្រីជាអនីតិជន ហើយទើបចេញពីពន្ធនាគារបានរយៈពេល០១ឆ្នាំ ត្រូវបានកូនបង្កើតអាយុ១៤ឆ្នាំ ប្តឹងចោទប្រកាន់ពីបទចាប់បង្ខំនាងរំលោភនិងគំរាមសម្លាប់ចោល ប្រសិនបើរឿងនោះបែកធ្លាយ៕