អាមេរិក​ ប្រកាសបិទបញ្ចប់​ជាស្ថាពរសង្រ្គាមរ៉ាំរ៉ៃ២០ឆ្នាំ​នៅ​អាហ្វហ្កានីស្ថាន ខណៈក្រុមតាលីបង់អបអរឯករាជ្យពេញលេញ
អន្តរជាតិ
455

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមរិក លោក ចូ បៃដិន បានធ្វើការការពារដោយកម្លាំង កាលពីថ្ងៃអង្គារ (៣១ សីហា) អំពីការសម្រេចចិត្ត​របស់លោក ក្នុងការចាកចេញពីអាហ្វហ្គានីស្ថាន ដោយប្រាប់ជនជាតិអាមេរិកថា លោកបដិសេធមិនបញ្ជូនមនុស្សជំនាន់ផ្សេងទៀតទៅប្រយុទ្ធក្នុង«សង្គ្រាមរហូត»ទៀតនោះឡើយ។ ការ ចាកចេញដ៏តក់ស្លុតពីអាហ្វហ្គានីស្ថាន ដែលបានបញ្ចប់កាលពីថ្ងៃច័ន្ទ បន្ទាប់ពីសង្គ្រាម​២០ ឆ្នាំប្រឆាំងពួកតាលីបង់ គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃនិងជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់អាមេរិក។

សារព័ត៌មាន Sputnik បានចេញផ្សាយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះថា លោក ចូ បៃដិន បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិក ទាក់ទងនឹងការដកអាមេរិកចេញពីអាហ្វហ្គានីស្ថាន និងការបញ្ចប់សង្គ្រាម​២០​ឆ្នាំ ដែលក្នុងនោះបុគ្គលិកសេវាកម្មអាមេរិកចំនួន​២.៤៤៨​នាក់ និង​យោធាអាមេរិកចំនួន​៣.៨៤៦ នាក់ត្រូវបានសម្លាប់ ហើយដែលធ្វើឱ្យអាមេរិកខាតបង់យ៉ាងតិច ២,៤​ទ្រីលានដុល្លារ។

​ប្រធានាធិបតីអាមេរិករូបនេះ បានហៅបេសកកម្មជម្លៀសអាមេរិក នៅអាហ្វហ្គានីស្ថានថា ជាជោគជ័យដ៏អស្ចារ្យ ទោះបីជាត្រូវបានរិះគន់យ៉ាងខ្លាំងទាំងដោយគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ហើយថែមទាំងបង្កឱ្យមានការអំពាវនាវឱ្យលោក Biden និងមេដឹកនាំយោធាអាមេរិកលាលែងពីតំណែង។

​លោក បៃដិន បានថ្លែងអំឡុងសុន្ទរកថានៅឯសេតវិមានថា«​​ ខ្ញុំនឹងមិនពង្រីកសង្គ្រាមជារៀងរហូតនេះទៀតនោះទេ ហើយខ្ញុំក៏មិនពង្រីកច្រកចេញជារៀងរហូតដែរ»។ ឥឡូវនេះអ្នកខ្លះនិយាយថាយើងគួរតែចាប់ផ្តើមការជម្លៀសប្រជាជនឱ្យបានឆាប់ ហើយនេះមិនអាចធ្វើទៅបានតាមលំដាប់លំដោយទេ»។ លោក Biden បានគូសបញ្ជាក់ថា«ចំណុចសំខាន់គឺជនជាតិអាមេរិក ៩០ ភាគរយនៅអាហ្វហ្គានីស្ថានដែលចង់ចាកចេញអាចចាកចេញបាន»។

​ការជម្លៀសដ៏វឹកវរពីអាហ្វហ្គានីស្ថានក៏ត្រូវបានសម្គាល់ដោយការវាយប្រហារភេរវកម្មនៅតំបន់អាកាសយានដ្ឋានកាប៊ុល ដែលបានឆក់យកជីវិតមនុស្សជិត​២០០ នាក់ក្នុងនោះមានទាហានអាមេរិក​១៣​នាក់​។ អាមេរិកបានវាយបកវិញដោយសម្លាប់​ដូចដែលមន្ទីរប៉ង់តាហ្គោន បាននិយាយថា គោលដៅសំខាន់គឺ​ក្រុម​Daesh​។ ទោះយ៉ាងណា ការវាយប្រហារតាមអាកាសក៏បានសម្លាប់ជនស៊ីវិលស្លូតត្រង់រួមទាំងកុមារផងដែរ។

ក្រុមតាលីបង់ ក៏បានរឹបអូស ឧបករណ៍យោធាអាមេរិក ដែលមានតម្លៃរាប់ពាន់លានដុល្លារ ចាប់ពីកាំភ្លើងវាយប្រហាររហូតដល់ឧទ្ធម្ភាគចក្រ Black Hawk ពីការដកថយកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នៅប៉ុន្មានសប្តាហ៍ មុនការដួលរលំទីក្រុងកាប៊ុលនៅពាក់កណ្តាលខែសីហា។ ​ក្នុងនោះអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានទាមទារឱ្យអាមេរិកទម្លាក់គ្រាប់បែកលើ​ពួកតាលីបង់ ប្រសិនបើពួកគេមិនប្រគល់អាវុធយោធាមកវិញ។

បន្ទាប់ពីអាមេរិកដកខ្លួនចេញពីប្រទេសទាំងស្រុង អ្នកនាំពាក្យតាលីបង់​ លោក ​ម៉ូហាម៉េដ ណាអ៊ីម (Mohammad Naim)បានប្រាប់សារព័ត៌មាន Sputnik ថា« ឥឡូវនេះរដ្ឋរបស់យើង បានក្លាយជាប្រទេសមានសេរីភាពនិងឯករាជ្យ»។ លោកក៏បានបន្ថែមថា​ សហរដ្ឋអាមេរិក បានបរាជ័យ ហើយ​មិនបានសម្រេចគោលដៅរបស់ខ្លួន នៅអាហ្វហ្គានីស្ថាន។

សូមរម្លឹកថា កងទ័ពអាមេរិកបានលុកលុយប្រទេសអាហ្វហ្គានីស្ថាន​ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក George W. Bush ក្នុងឆ្នាំ​២០០១ ដែលជាផ្នែកមួយនៃ«សង្គ្រាមប្រឆាំងភេរវកម្ម»ដ៏អាក្រក់ បន្ទាប់ពីការវាយប្រហារភេរវកម្ម ថ្ងៃទី១១ ខែកញ្ញា​​។ ក្រៅពីនោះ កងកម្លាំងសហរដ្ឋអាមេរិកជាង ៤៧.២០០​នាក់ និង ​​ជនស៊ីវិលអាហ្វហ្គានីស្ថាន ត្រូវបានសម្លាប់ក្នុងរយៈពេលនៃសង្គ្រាមនេះ​៕​

ប្រភព៖  Sputnik ប្រែសម្រួល៖ នង ណារិន (I-rin)

Telegram