ព្យុះហឺរីខិន Ida សម្លាប់មនុស្ស៤៦ នាក់នៅអាមេរិក ខ្លះស្លាប់នៅក្នុងរថយន្ត ខ្លះទៀតស្លាប់នៅតាមផ្ទះ ដោយសារទឹកជំនន់យ៉ាងគំហុក
អន្តរជាតិ
430

អន្តរជាតិ៖ បើតាមអាជ្ញាធរអាមេរិក បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ ទឹកជំនន់ បន្ទាប់ពី ព្យុះហឺរីខិន អាយដា (Ida) បានវាយប្រហារទីក្រុងនៅភាគខាងកើត បានកើនឡើងយ៉ាងខ្លាំងដល់ ៤៦ នាក់នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរដ្ឋ New Jersey ក៏បានប្រកាសដែរថា មានមនុស្សយ៉ាងហោចណាស់ ២៣ នាក់បានស្លាប់ដោយព្យុះមួយនេះ ។

សារព័ត៌មានCNN បានចេញផ្សាយនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះថា រដ្ឋាភិបាល រដ្ឋ New Jersey លោក Phil Murphy បាននិយាយថា ជនរងគ្រោះទាំងអស់ សុទ្ធតែបានស្លាប់ដោយសារតែ ការលង់ទឹកនៅតាមផ្ទះ និងក្នុងរថយន្ត ខណៈទឹកជំនន់បានកើនឡើងយ៉ាងលឿនរហ័សពេក ទាំងនៅក្នុងរដ្ឋ ញូយ៉ក, ម៉ារីលែន, ញូជឺស៊ី, ភែនស៊ីលវេនៀ និង ខុនណិចធីខាត់ ផងដែរ។ ក្រុមមន្រ្តីបាននិយាយថាមនុស្សជាច្រើនមិនត្រូវបានរាប់បញ្ចូលនោះទេ។

អាជ្ញាធរអាមេរិកបានបញ្ជាក់ទៀតថា តំបន់ដែលមានមនុស្សស្លាប់ច្រើនជាងគេ ដោយសារតែទឹកជំនន់កម្រកើតមានបំផុត នៅក្នុងប្រវត្តិសាស្ត្រនោះ គឺនៅរដ្ឋ ញូជឺស៊ី ចំនួន ២៣នាក់ និងទីក្រុងញូយ៉កចំនួន ១៣នាក់។ ដោយឡែកនៅរដ្ឋ ភែនស៊ីលវេនៀ វិញមានមនុស្ស ០៥នាក់បាត់បង់ជីវិត។

ថ្លែងអំពីផលប៉ះពាល់ដែលបណ្តាលដោយព្យុះ Ida លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា ទីក្រុងញូវយ៉ក បានកត់ត្រាភ្លៀងធ្លាក់ខ្លាំងជាងធម្មតា ដែលខ្លួនមិនដែលជួបពេញមួយខែកញ្ញា។មនុស្សត្រូវជាប់នៅក្នុងផ្លូវក្រោមដី ប៉ុន្តែកងកម្លាំងនៃនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងញូវយ៉ក បានជួយសង្គ្រោះពួកគេទាំងអស់។

លោកបន្តថា លោកបានបញ្ជាក់យ៉ាងច្បាស់ដល់អភិបាលឆ្នេរខាងកើតថា ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ កំពុងត្រៀមខ្លួនផ្តល់ជំនួយ។ ការប្រកាសអាសន្នអំពីជំនន់ទឹកភ្លៀង ត្រូវបានប្រកាសជាលើកដំបូងនៅទីក្រុងញូវយ៉ក ខណៈស្ថានីយ៍រថភ្លើងក្រោមដី បានប្រែក្លាយទៅជាទឹកជ្រោះហើយផ្លូវកណ្តាលក្រុងក្លាយជាទន្លេ។

គួរបញ្ជាក់ថា នៅមុនគ្រោះធម្មជាតិដ៏អាក្រក់នេះកើតឡើង អាជ្ញាធរទីក្រុងញូយ៉កបានចេញការប្រកាសអាសន្នកាលពីថ្ងៃពុធ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលភ្លៀងធ្លាក់យ៉ាងគំហុក បង្កជាគ្រោះទឹកជំនន់កើតឡើង។ ទឹកជំនន់បានវាយលុកខ្លាំងនៅតំបន់ខាងលើនេះ ចាប់តាំងពីយប់ថ្ងៃពុធ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ៕

Telegram