ក្រុមបាតុករថៃ អះអាងថា ពួកគេនឹងធ្វើបាតុកម្មរាល់ថ្ងៃ រហូតដល់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចុះចេញពីតំណែង
អន្តរជាតិ
304

អន្តរជាតិ៖ មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មនៅកណ្តាលទីក្រុងបាងកក ដើម្បីទាមទារឱ្យមានការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា។ ហើយបាននិយាយថា ពួកគេនឹងត្រឡប់មក​ធ្វើបាតុកម្មវិញជារៀងរាល់ថ្ងៃរហូត ដល់លោកប្រាយុទ្ធចុះចេញពីតំណែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។

​ក្រុមបាតុករថៃរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់មួយរបស់ទីក្រុងបាងកក (Asoke Intersection)​ ដែលវាជាការជួបជុំដ៏ធំបំផុតមួយក្នុងឆ្នាំនេះ ដើម្បីទាមទារឱ្យលោកប្រាយុទ្ធលាលែងតំណែង ។ បើទោះបីជាមានការព្រមានពីប៉ូលីសក៏ដោយថាការតវ៉ាត្រូវបានហាមឃាត់ដោយសារតែការរឹតត្បិតនៃជំងឺកូវីដ ១៩ ក៏ក្រុមបាតុករនៅតែបន្តសកម្មភាពរបស់ពួកគេដដែល។

ការតវ៉ាប្រឆាំងលោកប្រាយុទ្ធ ទទួលបានសន្ទុះចាប់តាំងពីចុងខែមិថុនា ខណៈក្រុមដែលទាមទារឱ្យដកតំណែងរបស់លោកកាលពីឆ្នាំមុនបានត្រលប់មកវិញ ដោយមានការគាំទ្រយ៉ាងទូលំទូលាយ ពីប្រជាជនដែលខឹងសម្បារដោយសារស្ថានការណ៍ជំងឺកូវីដ ១៩ ក្នុងប្រទេសថៃកាន់តែអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ។

ជាក់ស្តែង ថៃ បានកត់ត្រាពីករណីឆ្លងជាង ១.២ លាននាក់ និងមានអ្នកស្លាប់ចំនួន ១២,៣៧៤នាក់ នាក់ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីឆ្នាំមុន ដោយភាគច្រើននៃករណីឆ្លង និងការស្លាប់កើតឡើងតាំងពីខែមេសាឆ្នាំនេះ។

គួរបញ្ជាក់ថា ការធ្វើបាតុកម្មដែលកំពុងកើតឡើងនេះ គឺស្របពេលដែលលោកប្រាយុទ្ធកំពុងប្រឈមមុខនឹងការសួរដេញដោលនៅក្នុងសភា ដែលបានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ។ គណបក្សប្រឆាំងនយោបាយ បានចោទប្រកាន់នាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៥ រូបផ្សេងទៀតអំពីអំពើពុករលួយ ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ និងការឆ្លើយតបទៅនឹងជំងឺកូវីដ ១៩។ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីរបស់លោក បានច្រានចោលការចោទប្រកាន់នេះ៕

ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram