ការគំរាមកំហែងរបស់ក្រុមរដ្ឋអ៊ីស្លាម (ISIS-K) កំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន ខណៈប្រទេសលោកខាងលិចកាន់តែព្រួយបារម្ភការវាយប្រហារភេរវកម្ម
អន្តរជាតិ
193

អន្តរជាតិ៖ ក្រុមតាលីបង់ ស្ទើរតែមិនបានបញ្ចប់ការដណ្តើមយករដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលសម្ព័ន្ធក្នុងតំបន់ របស់ក្រុមរដ្ឋអ៊ីស្លាម បានវាយប្រហារដោយ បំផ្ទុះគ្រាប់បែក នៅព្រលានយន្តហោះក្រុងកាប៊ុល។ វាគឺជានិមិត្តរូប សម្រាប់ក្រុមជីហាដ ដោយបញ្ជាក់ពីភាពរស់រានយូរអង្វែង របស់ខ្លួន និងបង្កឱ្យមានការព្រួយបារម្ភនៅប្រទេសលោកខាងលិច។

សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះថា ជនស៊ីវិលអាហ្វហ្គានីស្ថាន ជាង ១០០ នាក់ និងទាហានអាមេរិក ១៣ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ កាលពីថ្ងៃទី ២៦ ខែសីហា នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលជាអំពើហិង្សាដ៏សាហាវបំផុតប្រឆាំងនឹងកងកម្លាំងអាមេរិកនៅអាហ្វហ្គានីស្ថាន ចាប់តាំងពីឆ្នាំ ២០១១ ដែលធ្វើឱ្យមានភាពវឹកវរ ដល់កិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជន។

នេះជាការវាយប្រហារដ៏បង្ហូរឈាមបំផុតប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលអះអាងដោយសម្ព័ន្ធភាពរបស់ក្រុម IS ពោលគឺក្រុមរដ្ឋអ៊ីស្លាមនៅ Khorasan (IS-K) ដែលបានមកដល់ក្នុងពេលដែលមានភាពរសើបខ្លាំងចំពោះកម្លាំងដកទ័ពសហរដ្ឋអាមេរិក។

រឿងនេះបានកើតឡើង ស្របពេលជាមួយនឹងការចាប់ផ្តើម នៃការជំនុំជម្រះជនជាប់ចោទពីបទរៀបចំការវាយប្រហារថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៥ ទៅលើទីក្រុងប៉ារីស ដែលក្រុម IS អះអាងថា បានសម្លាប់ មនុស្ស ១៣០ នាក់ ។

ការសម្លាប់បង្ហូរឈាមយ៉ាងរង្គាល នៅរដ្ឋធានីរបស់ប្រទេសបារាំង បានកត់សំគាល់ពីចំណុចកំពូលនៃអ្វីដែលគេហៅថា«កាលីហ្វាត» ដែលស្ថិតនៅចន្លោះប្រទេសអ៊ីរ៉ាក់ និងស៊ីរី នៅចន្លោះឆ្នាំ ២០១៤ និង ២០១៩ ។

នៅចុងសប្តាហ៍នេះ ពិភពលោកក៏នឹងប្រារព្ធខួប ២០ ឆ្នាំនៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ដែលជាការវាយប្រហារភេរវកម្មធំបំផុតនៅលោកខាងលិច នាពេលថ្មីៗនេះដែលត្រូវបានអះអាងដោយ ក្រុមអាល់កៃដា។

ការងើបឡើងវិញនៃ ក្រុម IS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឥឡូវនេះមើលទៅដូចជាបំផុសគំនិតក្រុមជីហាដរ៉ាឌីកាល់គ្រប់ជាន់ថ្នាក់។

លោកស្រី ខាធើរីន ហ្សីមមើម៉ាន់ (Katherine Zimmerman)អ្នកវិភាគនៅវិទ្យាស្ថានអាមេរិកាំង នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា« ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារខួបគម្រប់២០ឆ្នាំនៃការវាយប្រហារនាថ្ងៃទី ៩ ខែ កញ្ញា ខាងមុខនេះ គឺជាពេលវេលាសម្រាប់ការវាយប្រហារបំផុសគំនិត និងជ័យជំនះរបស់តាលីបង់នៅអាហ្វហ្គានីស្ថាន»។ លោកស្រី បានប្រាប់ទីភ្នាក់ងារ AFP ។

«ពួកជីហាដ បានអំពាវនាវរួចហើយសម្រាប់ការវាយប្រហារបន្ថែមទៀត លើប្រទេសលោកខាងលិច»

ក្រុមអ្នកវិភាគបានប្រាប់ AFP ថា ចាប់តាំងពីការដួលរលំនៃអ្វីដែលគេហៅថា«កាលីហ្វាត» បន្ទាប់ពីការវាយប្រហារដោយយោធាព ការគំរាមកំហែងរបស់ជីហាដ បានផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ជាមួយក្រុម IS ឥឡូវនេះប្រហែលជា ខ្វះសមត្ថភាពវាយប្រហារនៅចំកណ្តាលទ្វីបអឺរ៉ុប ដូចនៅឆ្នាំ ២០១៥ ។

ការវាយប្រហាររបស់ ក្រុមIS ទៅលើអាកាសយានដ្ឋានក្រុងកាប៊ុល គឺកាន់តែគួរឱ្យភ្ញាក់ផ្អើល ព្រោះក្រុមនេះបានទទួលជោគជ័យ បើទោះបីជា មានការព្រមានជាមុនពីប្រធានាធិបតីអាមេរិក លោក Joe Biden ថា ភ្នាក់ងារចារកម្មបានដឹងអំពីផែនការនេះក៏ដោយ។

គួរបញ្ជាក់ថា ក្រុមIS-K បានក្លាយជាសម្ព័ន្ធក្រុមរដ្ឋអ៊ីស្លាមសកម្មបំផុតទីបួន នៅទូទាំងពិភពលោក ចាប់តាំងពីដើមឆ្នាំនេះ នេះបើយោងតាមអ្នកជំនាញ។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាការវាយប្រហារនៅទីក្រុងកាប៊ុល«បានជំរុញ ឲ្យ ក្រុម IS-K ក្លាយជាចំណុចលេចធ្លោផ្នែកនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយ»។

លោក James Jeffrey អតីតអ្នកការទូតអាមេរិក បាននិយាយថា IS បានចាប់ផ្តើមបណ្តុះបណ្តាលក្រុមជីហាដ សម្រាប់ការវាយប្រហារស្រដៀងគ្នានៅខាងក្រៅប្រទេសអ៊ីរ៉ាក់និងស៊ីរី ហើយអាចហួសពីមជ្ឈឹមបូព៌ានៅចន្លោះឆ្នាំ ២០១៩ និង ២០២០ ។

បន្ទាប់ពីការវាយប្រហារទៅលើកងកម្លាំងអាមេរិកនៅទីក្រុងកាប៊ុលហើយ បន្ទាប់ពីកងកម្លាំងអាមេរិកបានសម្លាប់យុទ្ធជន IS បីនាក់ លោកបៃ ដិន បានប្រាប់ក្រុមនេះដោយត្រង់ ៗ ថា« យើងមិនបានបញ្ចប់ជាមួយអ្នកទេ»៕

ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram