រដ្ឋបាលលោកបៃដិន រងសម្ពាធកាន់តែខ្លាំង ខណៈពលរដ្ឋ អាមេរិករាប់ពាន់នាក់ជាប់គាំងនៅក្រុងកាប៊ុល មិន អាចឡើងយន្តហោះមកស្រុកវិញបាន
អន្តរជាតិ
447

អន្តរជាតិ៖ នៅក្នុងភាពវឹកវររបស់អាមេរិកនិងណាតូ ដែលបានបញ្ចប់ការអន្តរាគមន៍យោធា ជិត ២០ ឆ្នាំ នៅថ្ងៃទី ៣១ ខែសីហា ជនជាតិអាហ្វហ្កានីស្ថានរាប់ពាន់នាក់បានព្យាយាមភៀសខ្លួន ចេញពីប្រទេស រួមទាំងអ្នកសហការជាមួយកងទ័ពបរទេសផងដែរ បានសម្រុកចូលទៅផ្លូវរត់ នៅអាកាសយានដ្ឋានកាប៊ុល ដែលជាផ្លូវតែមួយគត់។ មានជនជាតិអាមេរិករាប់រយនាក់ដែលនៅសល់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមសារព័ត៌មាន Associated Press បានរាយការណ៍កាលពីថ្ងៃអាទិត្យ។

សារព័ត៌មាន Sputnik បានចេញ ផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី ចូបៃដិន បានប្រឈមនឹងការកើនឡើងនៃសម្ពាធបន្ថែមទៀតនៅថ្ងៃចន្ទទី ៦ ខែកញ្ញា ចំពេលមានរបាយការណ៍ថាមនុស្សរាប់រយនាក់ រួមទាំងជនជាតិអាមេរិក ត្រូវបានរារាំងអស់មួយសប្តាហ៍ មិនឱ្យហោះចេញពីអាកាសយានដ្ឋាននៅភាគខាងជើងអាហ្វហ្គានីស្ថាន។

យោងតាមសារព័ត៌មាន AFP លោកស្រី ម៉ារីណា ឡេហ្គ្រី (Marina LeGree) ដែលជាស្ថាបនិក និងនាយកប្រតិបត្តិនៃអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិកតូចមួយ ដែលមានសកម្មភាពនៅអាហ្វហ្គានីស្ថាន បាននិយាយថា មនុស្សប្រហែលពី ៦០០ ទៅ ១៣០០ នាក់ រួមទាំងក្មេងស្រីមកពីក្រុមរបស់លោកស្រី បានទន្ទឹងរង់ចាំនៅជិតព្រលានយន្តហោះ ម៉ាហ្សា អ៊ី សារីស (Mazar-i-Sharif) អស់រយៈពេលមួយសប្តាហ៍មកហើយ ការរង់ចាំយ៉ាងអន្ទះសារនេះ កើតឡើងចំពេលមានភាពច្របូកច្របល់ពាក់ព័ន្ធនឹងក្រុមតាលីបង់ និងមន្ត្រីអាមេរិក។

ចំនួនមនុស្សដែលកំពុងរង់ចាំនៅព្រលានយន្តហោះ ក៏រួមបញ្ចូលទាំងជនជាតិអាមេរិកចំនួន ១៩ នាក់ ដែលមិនមានជាក្រុមរបស់លោកស្រី ឡេហ្គ្រី នោះទេ។ បន្ថែមពីនេះ លោកស្រី បាននិយាយថា អ្នកដែលរង់ចាំកំពុងស្ថិតនៅកន្លែងផ្សេងៗគ្នានៅក្នុងទីក្រុង។

លោកស្រី ឡេហ្គ្រី បានប្រាប់ AFP ថា៖«អស់រយៈពេលប្រាំពីរថ្ងៃហើយ គ្មានអ្វីផ្លាស់ប្ដូរនោះទេ។ យន្តហោះឯកជនចំនួន ៦ គ្រឿងកំពុងរង់ចាំនៅអាកាសយានដ្ឋាន ដើម្បីជម្លៀសចេញពីអាហ្វហ្គានីស្ថានដែលមានមន្រ្តីខ្លះជាក្រុមអង្គការក្រៅរដ្ឋាភិបាល»។ លោកស្រីសង្កត់ធ្ងន់ទៀតថា តាលីបង់មិនអនុញ្ញាតឱ្យមានការធ្វើដំណើរនោះទេ។

គួរបញ្ជាក់ថា ក្រុមរបស់លោកស្រី ឡេហ្គ្រី បានព្យាយាមជម្លៀសក្មេងស្រី និងស្ត្រីវ័យក្មេងមួយក្រុមតូចដែលមានអាយុពី ១៦ ទៅ ២៣ ឆ្នាំនិងសមាជិកគ្រួសាររបស់ពួកគេមួយចំនួនផងដែរ។ លោកស្រី ឡេហ្គ្រី ដែលបានធ្វើការនៅអាហ្វហ្គានីស្ថានតាំងពីឆ្នាំ ២០០៥ សម្រាប់ក្រុមជំនួយនិងទីភ្នាក់ងារអាមេរិកបានសម្តែងការខកចិត្តចំពោះតួនាទីរបស់ក្រសួងការបរទេសក្នុងការធ្វើឱ្យជើងហោះហើរដំណើរការ។

​ការចាកចេញរបស់ក្រុមរបស់លោកស្រី ឡេហ្គ្រី ហាក់ដូចជាជិតមកដល់ហើយកាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែផែនការត្រូវបានបញ្ឈប់ភ្លាមៗ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃច័ន្ទទី ៦ ខែកញ្ញាថា អាមេរិកនឹងប្តេជ្ញាជួយជនជាតិអាមេរិកនិងអាហ្វហ្កានីដែលមានហានិភ័យឱ្យបានចាកចេញពីអាហ្វហ្គានីស្ថាន ប៉ុន្តែធនធាននៅអាហ្វហ្គានីស្ថានគឺមានកំណត់ដែលពិបាកក្នុងការធ្វើប្រតិបត្តិការ៕

ប្រភព៖ Sputnik 

Telegram