តុលាការ​វៀតណាម កាត់ទោសបុរសម្នាក់ឲ្យជាប់គុក​៥ឆ្នាំ ក្រោយ​ចម្លង​កូវីដ-១៩ ទៅអ្នកដទៃ
អន្តរជាតិ
517

វៀតណាម៖ តុលាការវៀតណាម កាលពីថ្ងៃចន្ទ បានកាត់ទោសបុរសម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ពីបទចម្លងវីរុសកូវីដ-១៩ ទៅអ្នកដទៃ និងពីបទបំពានវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសនេះ។

សារព័ត៌មាន Vietnam News Agency បានចេញផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា បុរសឈ្មោះ ឡេ វ៉ាន់ទ្រី (Le Van Tri) អាយុ ២៨ឆ្នាំ ត្រូវបានកាត់ទោសពីបទ «ចម្លងជំងឺគ្រោះថ្នាក់ទៅអ្នកដទៃ» នៅក្នុងសវនាការរយៈពេលមួយថ្ងៃ កាលពីថ្ងៃ ចន្ទ នៅឯតុលាការក្នុងខេត្ត កាម៉ៅ (Ca Mau) ភាគខាងត្បូងប្រទេសវៀតណាម។

កន្លងមក វៀតណាមធ្លាប់ជាប្រទេសមួយទទួលបានជោគជ័យក្នុងការទប់ឲ្យករណីឆ្លងវីរុសកូវីដ-១៩ ស្ថិតនៅក្នុងកម្រិតមួយទាបតាមរយៈការធ្វើតេស្តទ្រង់ទ្រាយធំ និងការតាមដានរកអ្នកដែលបានប៉ះពាល់ជាមួយអ្នកឆ្លងបានលឿន, ការគ្រប់គ្រងការចេញចូលតាមព្រំដែន រួមនិងវិធានការចត្តាឡីស័ក។ ប៉ុន្តែការផ្ទុះឆ្លងថ្មីៗជាចង្កោមនៃវីរុសកូវីដ-១៩ ចាប់តាំងពីចុងខែមេសាមក បានបំផ្លាញជោគជ័យនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាមបានរាយការណ៍ថា «បុរសឈ្មោះ ទ្រី បានវិលត្រឡប់មកខេត្ត កាម៉ៅ (Ca Mau) ពីទីក្រុងហូជីមិញ ហេីយបានបំពានវិធានការចត្តាឡីស័ក រយៈពេល២១ថ្ងៃ»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ បុរសឈ្មោះ ទ្រី បានចម្លងវីរុសកូវីដ-១៩ ដល់មនុស្ស ៨នាក់ ក្នុងនោះមានម្នាក់បានស្លាប់បន្ទាប់ពីស្ថិតក្នុងព្យាបាលបានមួយខែ។ ក្រៅ ពី បុរស ខាង លើ ជាប់ ពន្ធនាគារ ៥ ឆ្នាំ វៀតណាម ក៏ បាន កាត់ ទោស មនុស្ស ពីរ នាក់ ទៀត ដែល ម្នាក់ ជាប់ ពន្ធនាគារ ១៨ ខែ និង ម្នាក់ ទៀត ជាប់ពន្ធនាគារ ២ ឆ្នាំ ពាក់ ព័ន្ធ នឹង បទ ចោទប្រកាន់ ដូច គ្នា។

ប្រទេសវៀតណាម បច្ចុប្បន្ននេះ កំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការផ្ទុះឆ្លងវីរុសកូវីដ-១៩ ដ៏អាក្រក់បំផុតដែលបានឆ្លងដល់មនុស្សសរុបជាង ៥៣ម៉ឺន៦ពាន់នាក់ និងបានសម្លាប់មនុស្សជាង ១ម៉ឺន៣ពាន់នាក់ ដែលភាគច្រើន បានកើតឡេីង ក្នុងរយៈពេលពីរបីខែចុងក្រោយនេះ៕

ប្រភព៖ Vietnam News Agency

Telegram