រ៉ុកក្កែតជាច្រើនគ្រាប់វាយប្រហារនៅជិតរោងចក្រថាមពលមួយកន្លែងក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន
អន្តរជាតិ
249

អន្តរជាតិ៖ ទីភ្នាក់ងារព័ត៌មាន Aamaj News បានរាយការណ៍ថា រ៉ុកកែតជាច្រើនគ្រាប់បានវាយប្រហារសង្កាត់ Khair Khana ក្នុងទីក្រុងកាប៊ុល ។ ប្រភពបានបង្ហាញថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតរោងចក្រថាមពលមួយកន្លែងក្នុងទីក្រុងកាប៊ុល ខណៈអ្នកស្រុកនិយាយថា កាំជ្រួចមីស៊ីលនេះអាចបាញ់ដល់ស្ថានីយអគ្គិសនី Chamtalah ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

យ៉ាងណាមិញ រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយ អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ហើយមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់ ឬការខូចខាតណាមួយដែលបណ្តាលមកពីការបាញ់រ៉ុកកែតនេះនោះទេ ។

ស្ថានការណ៍នៅអាហ្វហ្គានីស្ថាននៅតែមានភាពតានតឹង ចាប់តាំងពីពួកតាលីបង់កាលពីខែសីហាបានដណ្តើមកាន់កាប់ខេត្តភាគច្រើនរបស់ប្រទេស និងដណ្តើមបានទីក្រុងកាប៊ុល ខណៈប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស ។

ស្របពេលជាមួយគ្នានេះ នៅចុងខែនោះយោធាអាមេរិកបានចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ដោយនាំមកនូវការបញ្ចប់វត្តមានរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន បន្ទាប់ពីយុទ្ធនាការយោធារយៈពេល ២០ ឆ្នាំ ៕

ប្រភព៖ Sputnik

Telegram