អន្តរជាតិ៖ ប្រទេសចិន បានថ្កោលទោសនិង ព្រមានកាលពីថ្ងៃព្រហស្បតិ៍ ថា សម្ព័ន្ធភាពថ្មីរបស់អាមេរិកជាមួយអូស្ត្រាលី និងអង់គ្លេស ដែលក្នុងនោះអូស្ត្រាលីនឹងទទួលបានបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរនោះ គឺជាការគំរាមកំហែងគ្មានការទទួលខុសត្រូវទាល់តែសោះចំពោះស្ថិរភាព និងបង្កហានិភ័យ ដែល ធ្វើឱ្យមានការប្រកួតប្រជែងអាវុធនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
ការប្រកាសបានកើតឡើង កាលពីថ្ងៃពុធសប្តាហ៍នេះ អំពីសម្ព័ន្ធភាព«Aukus» ដែលបានបង្កើតថ្មី រវាងប្រទេសទាំងបី ដែលមានន័យថា អូស្ត្រាលីនឹងក្លាយជាប្រទេសទី ២ នៅលើពិភពលោក បន្ទាប់ពីចក្រភពអង់គ្លេស ដែលទទួល បច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីអាមេរិក។
បើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ភាពជាដៃគូនេះនឹងឃើញសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ផ្តល់បច្ចេកវិទ្យាដល់អូស្ត្រាលី ក្នុងការដាក់ពង្រាយនាវានាពេលអនាគត។ មានតែប្រទេសចំនួន ៦ នៅលើពិភពលោក គឺអាមេរិក អង់គ្លេស ចិន បារាំង ឥណ្ឌានិងរុស្ស៊ី បច្ចុប្បន្នកំពុងដំណើរការនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ។
មន្រ្តីអាមេរិកបាននិយាយថានាវាទាំងនេះអាចត្រូវបានគេដាក់ពង្រាយក្នុងរយៈពេលយូរជាងនាវាផ្សេងទៀតដែលពិបាកក្នុងការរកឃើញហើយនឹងផ្តល់ការទប់ស្កាត់កាន់តែខ្លាំង។
មេដឹកនាំនៃប្រទេសទាំងបីបានសង្កត់ធ្ងន់ថា អូស្រ្តាលីនឹងមិនបង្កើតអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែមន្រ្តីបាននិយាយថា ពួកគេនឹងរួមគ្នាអភិវឌ្ឍ បច្ចេកវិទ្យាជឿនលឿនផ្សេងទៀត ។ សម្ព័ន្ធភាពថ្មីនេះត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងទប់ទល់នឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងយោធារបស់ចិននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងនោះដែរ មន្ត្រីនាំពាក្យឲ្យក្រសួងការបរទេសចិន លោក ចាវ លីជាន (Zhao Lijian) បាននិយាយក្នុងសន្និសីទសារព័ត៌មានថា កិច្ចព្រមព្រៀងនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបង្កើនការប្រកួតប្រជែងអាវុធ។
លោក ចាវ បាននិយាយថា «ការនាំចេញបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរដោយអាមេរិក និងអង់គ្លេសទៅឲ្យអូស្ត្រាលី បានបង្ហាញជាថ្មីម្តងទៀតថា ពួកគេប្រើប្រាស់ការនាំចេញនុយក្លេអ៊ែរធ្វើជាឧបករណ៍នៃល្បែងភូមិសាស្ត្រនយោបាយ និងប្រកាន់យកស្តង់ដារពីរដែលគ្មានការទទួលខុសត្រូវទាល់តែសោះ»។
សម្ព័ន្ធមិត្តលោកខាងលិចនេះមិនបាននិយាយចំឈ្មោះចិនទេនៅពេលបង្ហាញកិច្ចព្រមព្រៀងនាវាមុជទឹកកាលពីថ្ងៃពុធនោះ ប៉ុន្តែចេតនារបស់ពួកគេគឺច្បាស់ណាស់ ដោយម្នាក់ៗសំដៅទៅលើការព្រួយបារម្ភពីសន្តិសុខក្នុងតំបន់។
លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះបាននាំឲ្យបណ្តាប្រទេសក្នុងតំបន់ចោទសួរអំពីភាពស្មោះត្រង់របស់អូស្ត្រាលីក្នុងការគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនដែលថានឹងមិននាំឲ្យមានការរីកសាយអាវុធនុយក្លេអ៊ែរ ហើយបានអំពាវនាវឱ្យអូស្ត្រាលីពិចារណាឡើងវិញអំពីជំហររបស់ខ្លួនចំពោះប្រទេសចិន៕
