របបយោធាមីយ៉ាន់ម៉ា នឹងដាក់ទោសលោកស្រី អោង សានស៊ូជី ពីបទពុករលួយបន្ថែមទៀត
អន្តរជាតិ
414

អន្តរជាតិ៖ មេធាវីរបស់លោកស្រី អោង សាន ស៊ូ ជី បាននិយាយនៅថ្ងៃសុក្រទី ១៧ ខែកញ្ញានេះថា របបយោធាមីយ៉ាន់ម៉ា នឹងដាក់ទោសលោកស្រីអ៊ុងសានស៊ូជី ពីបទពុករលួយដោយបន្ថែមករណីជាច្រើន ដែលអាចធ្វើឱ្យលោកស្រីជាប់ពន្ធនាគារអស់ជាច្រើនទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ សា រព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១។

លោកស្រីអ៊ុងសានស៊ូជី បានស្ថិតនៅក្រោមការឃុំឃាំងក្នុងផ្ទះ ចាប់តាំងពីលោកស្រី និងរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ត្រូវបានយោធាទម្លាក់ចេញពីអំណាច នៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ដែលបង្កឱ្យមានការបះបោរដ៏ធំមួយនិងការបង្ក្រាបយ៉ាងឃោរឃៅប្រឆាំងអ្នកប្រឆាំង។ បច្ចុប្បន្ន ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពវ័យ ៧៦ឆ្នាំរូបនេះ កំពុងស្ថិតក្រោមការជំនុំជម្រះក្តីស្រាប់ ជុំវិញករណីបំពានបម្រាម COVID-19, ករណីល្មើសច្បាប់នាំចូល និងករណីបង្កភាពចលនាចលសង្គម។

មេធាវីលោកស្រីនៅថ្ងៃសុក្រនេះបានឲ្យដឹងថា ការជំនុំជម្រះក្តីថ្មីពីបទពុករលួយ សម្រាប់លោកស្រី ស៊ូ ជី នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។ លោកស្រី ស៊ូ ជី ប្រឈមបទចោទប្រកាន់ពុករលួយចំនួន ៤ ដោយបទចោទប្រកាន់មួយៗ អាចឲ្យគេមើលឃើញថា លោកស្រីនឹងជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ។

គួរបញ្ជាក់ថា ការជំនុំជម្រះក្តីដែលកំពុងប្រព្រឹត្តទៅស្រាប់ គឺត្រូវបានពន្យារពេលអស់ ២ខែ ខណៈមីយ៉ាន់ម៉ាទទួលរងការរាតត្បាតខ្លាំង ដោយសារជំងឺ COVID-19 ហើយទើបតែបន្តឡើងវិញក្នុងសប្តាហ៍នេះប៉ុណ្ណោះ ហើយលោកស្រី ស៊ូ ជី បានអវត្តមាននៅថ្ងៃដំបូង ដោយសារបញ្ហាសុខភាព៕

ប្រភព៖ Channel News Asia

Telegram