អាមេរិក ទទួលស្គាល់ថា ការវាយប្រហារដោយយន្តហោះដ្រូននៅទីក្រុងកាប៊ុល បានសម្លាប់សុទ្ធតែជនស៊ីវិល
អន្តរជាតិ
298

អន្តរជាតិ៖ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានទទួលស្គាល់ថាការវាយប្រហារដោយយន្តហោះដ្រូននៅក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានថ្ងៃមុនពេលដកកងទ័ពចេញបានសម្លាប់ជនស៊ីវិលស្លូតត្រង់ចំនួន១០នាក់រួមទាំងកុមារចំនួន៧នាក់ និងបានសុំទោសចំពោះអ្វីដែលមន្ទីរបញ្ចកោណបាននិយាយថាជាកំហុសដ៏សោកនាដកម្មមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថា ការវាយប្រហារកាលពីថ្ងៃទី២៩ ខែសីហាដែលបានកើតឡើងនៅពេលដែលកងកម្លាំងបរទេសចុងក្រោយបានចាកចេញពីអាហ្វហ្គានីស្ថាននោះបានដាក់គោលដៅទៅលើអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់របស់ក្រុមរដ្ឋអ៊ីស្លាមដែលបានបង្កការគំរាមកំហែងដល់អាកាសយានដ្ឋានក្រុងកាប៊ុល។

ប្រធានបញ្ជាការកណ្តាលអាមេរិកលោកឧត្តមសេនីយ៍ ហ្វ្រង់ មេកខេនហ្ស៊ី (Frank McKenzie) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ការវាយប្រហារនោះត្រូវបានធ្វើឡើងដោយមានជំនឿយ៉ាងមុតមាំថាវានឹងរារាំងការគំរាមកំហែងដល់កងកម្លាំងរបស់យើងនិងពលរដ្ឋដែលត្រូវជម្លៀសនៅឯអាកាសយានដ្ឋាន។ ប៉ុន្តែវាគឺជាកំហុស ហើយខ្ញុំសូមអភ័យទោសដោយស្មោះ។ ក្នុងនាមជាមេបញ្ជាការ ខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះការវាយប្រហារនិងសោកនាដកម្មនេះ។»

លោកបាននិយាយថា មន្ទីរបញ្ចកោណកំពុងពិចារណាផ្តល់សំណងដល់ជនស៊ីវិលដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារនោះ។

គួរបញ្ជាក់ថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អាមេរិកបានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីមានការវាយប្រហារភេរវកម្មនៅអាកាសយានដ្ឋានក្រុងកាប៊ុលក្នុងគ្រាដែលមានភាពវឹកវរក្នុងការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថានក្រោយក្រុមតាលីបង់ឡើងកាន់អំណាចសាជាថ្មី៕

ប្រភព៖ Bangkok Post

Telegram