អន្តរជាតិ៖ រដ្ឋាភិបាលបារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនឱ្យត្រឡប់មកបារាំងវិញ ជុំវិញកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី ដែលបានមោឃភាពកិច្ចសន្យាទិញនាវាមុជទឹកផលិតដោយបារាំង ក្នុងតម្លៃចំនួន ៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យបារាំងបានធ្លាក់ចូលទៅក្នុងវិបត្តិការទូត ដែលមិនធ្លាប់មានពីមុនមកជាមួយសហរដ្ឋអាមេរិកនិងអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។
រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាការសម្រេចចិត្តដ៏កម្ររបស់ប្រធានាធិបតីបារាំងលោកEmmanuel Macron ត្រូវបានធ្វើឡើងដោយសារតែបញ្ហានេះធ្ងន់ធ្ងរចំពោះបារាំង។
«មោឃភាពគម្រោងនាវាមុជទឹកបារាំង ជំនួសដោយការប្រកាសភាពជាដៃគូថ្មីជាមួយសហរដ្ឋអាមេរិកក្នុងគោលបំណងស្រាវជ្រាវនិងអភិរឌ្ឍកម្មវិធីនុយក្លេអ៊ែរនាពេលអនាគតគឺជាអាកប្បកិរិយាមិនអាចទទួលយកបានរវាងសម្ព័ន្ធមិត្ត»។ លោករដ្ឋមន្ត្រីការបរទេសបារាំងបានបន្ថែមកាលពីថ្ងៃសុក្រម្សិលមិញនេះ។
លោកក៏លើកឡើងផងដែរថា«ទង្វើនេះប៉ះពាល់ជាខ្លាំងដល់គំនិតដែលយើងធ្លាប់មានក្នុងសម្ព័ន្ធភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសម្រាប់អឺរ៉ុប»។
សូមបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អូស្ត្រាលីបានប្រកាសមោឃភាពកិច្ចសន្យានាវាមុជទឹកជាមួយបារាំងក្នុងការសាងសង់នាវាមុជទឹក ដោយជំនួសវិញនូវកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកក្នុងការសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ហេតុនេះហើយទើបធ្វើឱ្យបារាំងមិនពេញចិត្តជាខ្លាំង។
សហរដ្ឋអាមេរិក និងអូស្ត្រាលីបានសម្ដែងការសោកស្ដាយចំពោះការសម្រេចចិត្តរបស់បារាំងក្នុងការដកឯកអគ្គរដ្ឋទូតរបស់ខ្លួនពីប្រទេសទាំងពីរនេះ។ សហរដ្ឋអាមេរិកនិងអូស្ត្រាលីក៏បានផ្ដល់តម្លៃខ្ពស់ក្នុងទំនាក់ទំនងរវាងសម្ព័្នន្ធមិត្ត ព្រមទាំងមានឆន្ទៈក្នុងការដោះស្រាយភាពខ្វែងគំនិតគ្នាជាមួយបារាំង។
ការកោះហៅរដ្ឋទូតរបស់បារាំងនេះបានបង្ហាញពីការធ្លាក់ចុះទំនាក់ទំនងការទូតរវាងសម្ព័ន្ធមិត្តអឺរ៉ុប-សហរដ្ឋអាមេរិក។
“ខ្ញុំត្រូវបានហៅទៅប៉ារីសវិញដើម្បីប្រជុំពិគ្រោះយោបល់”។ នេះបើយោងតាម ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅទីក្រុងវ៉ាស៊ីនតោន។ លោកក៏បន្ថែមថា កិច្ចព្រមព្រៀងត្រីភាគីនេះបានធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ចក្ខុវិស័យនៃភាពជាដៃគូរបស់អឺរ៉ុបនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។

សូមបញ្ជាក់ថា បារាំងចាត់ទុកខ្លួនជាប្រទេសដ៏មានឥទ្ធិពលនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយសារតែខ្លួនមានដែនដី ញ៉ូវខាលេដូនៀ (New Caledonia) និង បារាំងប៉ូលីនេស៊ី(French Polynesia) នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលជាដែនដីយុទ្ធសាស្ត្រដ៏សំខាន់ដែលប្រទេសអឺរុបផ្សេងៗទៀតមិនមាន៕
ប្រភព៖ BBC
