មនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញជាបន្ទាន់ បន្ទាប់ពីភ្នំភ្លើងមួយផ្ទុះនៅលើកោះរបស់ប្រទេសអេស្ប៉ាញ
អន្តរជាតិ
498

អន្តរជាតិ៖ ភ្នំភ្លើងមួយនៅលើកោះឡា ប៉ាល់ម៉ា (La Palma) ក្នុងប្រទេសអេស្ប៉ាញបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដោយព្រួសបញ្ចេញនូវកំអែភ្នំភ្លើង ផ្សែង និងផេះ និងបង្ខំឲ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់ពីលំនៅដ្ឋានរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

នេះគឺជាលើកដំបូងដែលភ្នំភ្លើងឈ្មោះថា ខាំប្រេ វីអេចា (Cumbre Vieja) ដែលស្ថិតនៅប្រជុំកោះកាណារី (Canary) ក្នុងមហាសមុទ្រអាត្លង់ទិចបានផ្ទុះឡើងចាប់តាំងពីឆ្នាំ១៩៧១មក។

កងកម្លាំងប៉ូលិសឆ្មាំស៊ីវិលរបស់អេស្ប៉ាញបាននិយាយថា ពួកគេកំពុងជម្លៀសមនុស្សចន្លោះពី៥ពាន់នាក់ទៅ១ម៉ឺននាក់ពីតំបន់ដែលរងផលប៉ះពាល់។

រហូតមកទល់ពេលនេះ ផ្សែងនិងកំអែភ្នំភ្លើងបានប៉ះពាល់ដល់ផ្លូវហាយវេយ៍ធំៗចំនួន៤ខ្សែរួចទៅហើយ។

នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក ផេដ្រូ សានចេស (Pedro Sanchez) បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានផ្អាកដំណើរទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉ក (New York) នាពេលខាងមុខដែលលោកនឹងត្រូវចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ហើយធ្វើដំណើរទៅកោះឡា ប៉ាល់ម៉ា (La Palma) ជំនួសវិញ។

ក្រុមអ្នកជំនាញអេស្ប៉ាញបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ថា ភ្នំភ្លើងនេះនឹងស្ងប់ទៅវិញក្នុងរយៈពេលជាច្រើនសប្តាហ៍ទៀតដោយធ្វើឲ្យកំអែភ្នំភ្លើងហូរចូលទៅក្នុងមហាសមុទ្រអាត្លង់ទិច។

ប៉ុន្តែការផ្ទុះភ្នំភ្លើងនេះមិនមានបង្កផលប៉ះពាល់ដល់អាកាសយានដ្ឋាននៅលើកោះតូចមួយនេះទេ ហើយក៏មិនការរាយការណ៍ពីករណីរងរបួសឬបាត់បង់ជីវិតផងដែរ៕

ប្រភព៖ Sputnik

Telegram