ឡាវ សម្រេចបិទខ្ទប់រដ្ឋធានីវៀងច័ន្ទ ក្រោយរកឃើញ ករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន
អន្តរជាតិ
401

ប្រទេសឡាវ៖ ប្រទេសឡាវ បានបិទខ្ទប់រដ្ឋធានីវៀងចន្ទន៍ និងហាមមិនឲ្យធ្វើដំណើរចេញចូលខេត្ត ដែលរងការវាយប្រហារដោយជំងឺកូវីដ-១៩ ខណៈដែលករណីឆ្លងបានកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ប្រទេសកុម្មុយនិស្តមួយនេះ បានមើលឃើញពីការផ្ទុះឡើងសាជាថ្មីនៃករណីឆ្លងជំងឺកូវីដ-១៩ ចាប់តាំងពាក់កណ្តាលខែមេសាមក ដោយករណីឆ្លងថ្មីបានកើនឡើងជាលំដាប់។

កាលពីថ្ងៃសៅរ៍ ប្រទេសឡាវបានរកឃើញករណីឆ្លងក្នុងសហគមន៍ចំនួន៤៦៧នាក់ថែមទៀតដែលជាតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។

កាលពីថ្ងៃអាទិត្យ អភិបាលក្រុងវៀងចន្ទន៍ជាកន្លែងដែលរកឃើញអ្នកឆ្លងយ៉ាងច្រើននោះបានប្រកាសអនុវត្តវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងរយៈពេល២សប្តាហ៍ដោយបញ្ជាឲ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះលើកលែងតែក្នុងករណីទៅទិញម្ហូបអាហារ, ថ្នាំពេទ្យ ឬទៅមន្ទីរពេទ្យ។

ការធ្វើដំណើរចេញចូលខេត្តដែលរងគ្រោះខ្លាំងពីជំងឺកូវីដ-១៩ចំនួន៧ផ្សេងទៀតក៏ត្រូវបានហាមឃាត់ផងដែរ ខណៈដែលការធ្វើដំណើរចូលទីក្រុងវៀងចន្ទន៍តម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ការកើនឡើងនៃករណីឆ្លងកាលពីថ្ងៃចុងសប្តាហ៍មានជាប់ពាក់ព័ន្ធទៅនឹងករណីឆ្លងជាចង្កោមថ្មីៗដែលត្រូវបានគេរកឃើញនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ដោយកម្មករភាគច្រើនបានឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta ។ រហូតមកទល់ពេលនេះ ឡាវមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន១៩,៣៩៩នាក់ និងមានអ្នកស្លាប់សរុបចំនួន១៦នាក់៕

ប្រភព៖ Bangkok Post

Telegram