អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមានពីសង្គ្រាមត្រជាក់ អាចនឹងផ្ទុះឡើងជាថ្មី រវាងសហរដ្ឋអាមេរិក និងចិន
អន្តរជាតិ
161

អន្តរជាតិ៖ ពិភពលោកកំពុងព្រួយបារម្ភពីសង្គ្រាមត្រជាក់ថ្មី ដែលអាចនឹងកើតឡើងរវាងអាមេរិកនិងចិន ខណៈដែលប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នាលើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច។ រហូតដល់អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ ព្រមានដល់ប្រទេសមហាសេដ្ឋកិច្ចលេខ១ និង មហាយក្ស នៅអាស៊ី ត្រូវតែបញ្ចៀសនូវការផ្ទុះឡើងនូវសង្រ្គាមត្រជាក់សាជាថ្មី។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានព្រមាន ពីសង្គ្រាមត្រជាក់សាជាថ្មី នាពេលអនាគត អាចនឹងកើត ឡើង រវាងចិន និងសហរដ្ឋអាមេរិក។ ប៉ុន្ដែលោក អគ្គលេខាធិការ UN បានអង្វរដល់ប្រទេសមហាអំណាចទាំងពីរនេះ ត្រូវស្ដារទំនាក់ទំនង ដែលបែកបាក់នោះ ឲ្យមានភាពល្អឡើងវិញ។

លោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានថ្លែងទៅកាន់មហាសន្និ បាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ (UN) ដែលមានមេដឹកនាំរបស់ពិភពលោក ចូលរួម ថា «យើងត្រូវការបញ្ចៀសនូវសង្គ្រាមត្រជាក់នេះ កុំឲ្យកើតឡើងសាជាថ្មី ព្រោះវា នឹងបង្កនូវផលលំបាកខ្លាំងជាងសង្គ្រាមត្រជាក់ កាលពីអតីតកាល។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ជាដដែលៗ ដោយព្រមាន នៅក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AP ថា យុទ្ធសាស្រ្ដប្រជែងភូមិសាស្រ្ដនយោបាយ និងយោធា នឹងធ្វើឲ្យគ្រោះថ្នាក់ខ្លាំង ហើយវានឹង ពុះចែកពិភពលោក ។ ដូច្នេះទំនាក់ទំនងប្រកបដោយស្ថាបនា ត្រូវតែស្ដារឡើងវិញ …ហើយធ្វើឲ្យបានឆាប់។

អស់រយៈពេល២ឆ្នាំកន្លងមកហើយ លោក Antonio Guterres បានព្រមានដល់មេដឹកនាំពិភពលោក អំពីហានិភ័យរបស់ពិភពលោក អំពីបែកបាក់គ្នាជា២ ជាមួយនឹងសហរដ្ឋអាមេរិក និងចិន ដោយ បង្កើនការប្រជែងខាងអ៊ិធើរណេត រូបិយប័ណ្ណ ពាណិជ្ជកម្ម ច្បាប់ហិរញ្ញវត្ថុ ហើយយុទ្ធសាស្រ្ដភូមិសាស្រ្ដនយោបាយ និងយោធាផ្ទាល់ខ្លួនរបស់ពួកគេ៕

ប្រភព៖ Aljazeera

Telegram