មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀស ថែមទៀត ខណៈដែលកំអែភ្នំភ្លើងបន្តហូរចេញពីភ្នំភ្លើងនៅលើកោះអេស្ប៉ាញ
អន្តរជាតិ
440

ម៉ាឌ្រីដ៖ អាជ្ញាធរអេស្ប៉ាញ បានបង្ខំឲ្យមានការជម្លៀសពលរដ្ឋចេញពីផ្នែកមួយទៀតនៃតំបន់ អេលប៉ាសូ (El Paso) ក្រោយពីកំអែដែលហូរចេញពីភ្នំភ្លើងដែលផ្ទុះនៅលើកោះ ឡា ប៉ាល់ម៉ា (La Palma) ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

អាជ្ញាធរបានប្រាប់ទូរទស្សន៍ក្នុងស្រុកនៅថ្ងៃអង្គារនេះថា ពលរដ្ឋនៅក្នុងសង្កាត់ តាខេនដេ អាល់តូ (Tacande Alto) ត្រូវបានជម្លៀសកាលពីយប់ថ្ងៃចន្ទនិងព្រឹកព្រលឹមថ្ងៃអង្គារនេះ បន្ទាប់ពីកំអែភ្នំភ្លើងបានចាប់ផ្តើមហូរចេញសាជាថ្មីតាមជម្រាលភ្នំភ្លើងឈ្មោះថា ខាំប្រេ វីអេចា (Cumbre Vieja) ។

ទូរទស្សន៍ក្នុងស្រុករបស់អេស្ប៉ាញបានរាយការណ៍ថា រហូតមកទល់ពេលនេះមនុស្សប្រហែល៦ពាន់នាក់ក្នុងចំណោមអ្នករស់នៅលើកោះ ឡា ប៉ាល់ម៉ា (La Palma) ចំនួន៨ម៉ឺននាក់ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះរបស់គេដើម្បីទៅរកកន្លែងសុវត្ថិភាព។

នេះគឺជាលើកដំបូងដែលភ្នំភ្លើងឈ្មោះថា ខាំប្រេ វីអេចា (Cumbre Vieja) ដែលស្ថិតនៅលើប្រជុំកោះកាណារី (Canary) បានផ្ទុះឡើង ចាប់តាំងពីឆ្នាំ១៩៧១មក។

គួរបញ្ជាក់ថា វាបានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃអាទិត្យដោយព្រួសបញ្ចេញកំទេចផេះទៅលើមេឃក្នុងកម្ពស់រាប់រយម៉ែត្រ និងបំផ្លាញផ្ទះជិត១៥០ខ្នង ប៉ុន្តែមិនមានសេចក្តីរាយការណ៍ពីករណីរងរបួស ឬបាត់បង់ជីវិតឡើយ៕

ប្រភព៖ BBC

Telegram