អន្តរជាតិ៖ សហរដ្ឋអាមេរិក និងអង់គ្លេស បានព្រមានពលរដ្ឋរបស់ខ្លួនឱ្យចៀសវាងការស្នាក់នៅតាមសណ្ឋាគារ នៃប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្មានថ្ងៃបន្ទាប់ពីមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ នៅឯវិហារអ៊ីស្លាម ក្នុងការវាយប្រហារមួយ ដែលអះអាងដោយក្រុមរដ្ឋអ៊ីស្លាម នៅខេត្ត Khorasan ISKP (ISIS-K) ។ នេះបើយោងតាមការចេញផ្សាយដោយ Al Jazeera នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
ក្រុមតាលីបង់ ដែលបានដណ្តើមអំណាចកាលពីខែសីហា និងបានប្រកាសជារដ្ឋឥស្លាម«អេមីរ៉ាត» កំពុងស្វែងរកការទទួលស្គាល់ និងជំនួយអន្តរជាតិ ដើម្បីចៀសវាងគ្រោះមហន្តរាយមនុស្សធម៌ និងបន្ធូរបន្ថយវិបត្តិសេដ្ឋកិច្ចអាហ្វហ្គានីស្ថាន។
ក្រសួងការបរទេសអាមេរិក បាននិយាយដោយដកស្រង់ការគំរាមកំហែងសន្តិសុខនៅក្នុងតំបន់នេះថា« ពលរដ្ឋអាមេរិក ដែលស្នាក់នៅឬជិតតាមសណ្ឋាគារ Serena គួរតែចាកចេញភ្លាមៗ»។ ការិយាល័យការបរទេសចក្រភពអង់គ្លេស បានបន្ថែមថា« ដោយសារហានិភ័យកើនឡើង អ្នកត្រូវបានណែនាំមិនឱ្យស្នាក់នៅក្នុងសណ្ឋាគារ ជាពិសេសនៅទីក្រុងកាប៊ុល»។
សូមជម្រាបថា សណ្ឋាគារ Serena ដែលល្បីថា ជាសណ្ឋាគារប្រណីតមួយដែលមានប្រជាប្រិយ សម្រាប់អ្នកធ្វើដំណើរអាជីវកម្មនិងភ្ញៀវបរទេស បានក្លាយជាគោលដៅវាយប្រហារពីរដងដោយពួកតាលីបង់។
គួរបញ្ជាក់ថា ការវាយប្រហារនេះ ត្រូវបានអះអាងដោយក្រុមIS ដែលបានកំណត់គោលដៅឆ្មាំតាលីបង់ជាច្រើន ហើយអះអាងថា ជាការបំផ្ទុះគ្រាប់បែកដ៏សាហាវនៅក្នុងទីក្រុង Kunduz នៅវិហារអ៊ីស្លាមមួយកន្លែងក្នុងកំឡុងពេលអធិស្ឋានកាលពីថ្ងៃសុក្រ ដែលជាការវាយប្រហារដ៏បង្ហូរឈាមបំផុត ចាប់តាំងពីកងកម្លាំងអាមេរិកបានចាកចេញពីប្រទេសនេះកាលពីខែសីហា៕
ប្រភព៖ Al Jazeera