សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្តីបន្ទោស សហរដ្ឋអាមេរិក ចំពោះភាពតានតឹងនៅឧបទ្វីបកូរ៉េ ។ នេះបើយោងតាម សារព័ត៌មាន Channel News Asia នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ យោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េ បានឲ្យដឹងថា សហរដ្ឋអាមេរិកគឺជា«ដើមចម»នៃអស្ថិរភាព។
ទីក្រុងព្យុងយ៉ាង កំពុងស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិជាច្រើន ជុំវិញការហាមឃាត់អាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោង ដែលបានធ្វើឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័សក្រោមការដឹកនាំរបស់លោកគីម។
កាលពី ឆ្នាំ ២០១៧ កូរ៉េខាងជើង បានសាកល្បងមីស៊ីលដែលអាចបាញ់ដល់ទ្វីបអាមេរិកទាំងមូល ហើយបានអនុវត្តកម្មវិធីអាវុធនុយក្លេអ៊ែរដ៏ខ្លាំងក្លាបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្នហើយទីក្រុងព្យុងយ៉ាង និយាយថា ខ្លួនត្រូវការឃ្លាំងអាវុធរបស់ខ្លួន ដើម្បីការពារខ្លួនពីការលុកលុយរបស់អាមេរិក។
រដ្ឋបាលលោកបៃដិន បានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនមិនមានបំណងអរិភាពចំពោះកូរ៉េខាងជើងនោះទេ លោក គីម ជុងអ៊ុន ថ្លែងក្នុងឱកាសចូលរួម ពិព័រណ៍ស្តីពីវិស័យការពារជាតិកូរ៉េខាងជើង មានឈ្មោះថា «Self-Defence 2021» យ៉ាងដូច្នេះថា «ខ្ញុំពិតជាចង់ឃើញខ្លាំងណាស់ថា តើប្រជាជន ឬប្រទេសណាខ្លះដែលជឿថា សហរដ្ឋអាមេរិកមិនចង់បង្កអរិភាពជាមួយកូរ៉េខាងជើង... សហរដ្ឋអាមេរិក គឺជាដើមចមនៃអស្ថិរភាព (នៅតំបន់ឧបទ្វីបកូរ៉េ)។ មិនមានសកម្មភាពណាមួយរបស់ពួកគេ ដែលអាចឲ្យយើងជឿជាក់ថា មិនមានចេតនាបង្កអរិភាពនោះឡើយ...»។
គួរបញ្ជាក់ថា មួយថ្ងៃមុនការថ្លែងដូចខាងលើនេះ លោក គីម ជុងអ៊ុន ក៏បានជំរុញឲ្យមន្ត្រីកូរ៉េខាងជើងគ្រប់ជាន់ថ្នាក់ ចូលរួមស្តារជីវភាពរស់នៅរបស់ប្រជាជន ឲ្យកាន់តែប្រសើរឡើងផងដែរ ខណៈដែលប្រទេសអាស៊ីបូព៌ាមួយនេះ ត្រូវបានគេមើលឃើញថា កំពុងបន្តទទួលរងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបង្កឡើងដោយទណ្ឌកម្មពីសំណាក់អន្តរជាតិ ទៅលើកម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។
កាលពីពេលថ្មីៗនេះ កូរ៉េខាងជើងបានធ្វើតេស្តអាវុធប្រភេទថ្មីៗ ដែលបាននាំឲ្យពិភពលោកចាប់អារម្មណ៍ និងភ្ញាក់ផ្អើលផងដែរ ក្នុងនោះមានដូចជា ការធ្វើតេស្តជើងទម្រងបាញ់មីស៊ីលចេញពីរថភ្លើង និងគ្រាប់មីស៊ីលលឿនជាងសំឡេង ដែលមានសមត្ថភាពអាចបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរជាដើម។ ទោះបីជាកូរ៉េខាងជើង និងកូរ៉េខាងត្បូង បានស្តារខ្សែទូរស័ព្ទឆ្លងកាត់ព្រំដែនឡើងវិញក្តី ក៏ស្ថានការណ៍នៅឧបទ្វីបកូរ៉េ ហាក់មិនទាន់អាចចាត់ទុកថា បានប្រសើរឡើងវិញនោះឡើយ៕
ប្រភព៖ Channel News Asia