អន្តរជាតិ៖ ប្រភពជាច្រើនបានឲ្យដឹងថា ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN) នឹងជួបប្រជុំនៅថ្ងៃសុក្រដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំប្លុកនេះនាពេលខាងមុខ ខណៈដែលលទ្ធភាពនៃការដកមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង (Min Aung Hlaing) ចេញពីកិច្ចប្រជុំកំពូលនឹងត្រូវបានលើកមកពិភាក្សា។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។
កិច្ចប្រជុំនេះបានកើតឡើង ចំពេលយោធាមីយ៉ាន់ម៉ា បដិសេធអនុញ្ញាតឲ្យបេសកជនក្នុងតំបន់ចូលទៅជួបជាមួយមេដឹកនាំធ្លាក់តំណែងគឺលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងត្រូវបានជំនុំជម្រះក្តី លើការចោទប្រកាន់ជាច្រើន ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។
សូមជម្រាបថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានយល់ព្រមលើការមូលមតិគ្នាចំនួន ៥ ចំណុចជាមួយលោក Min Aung Hlaing កាលពីខែមេសា ប៉ុន្តែសមាជិកមួយចំនួននៃប្លុកនេះ បានរិះគន់ការខកខានរបស់យោធា ក្នុងការអនុវត្តផែនការនេះ ដែលរួមបញ្ចូលទាំងការសន្ទនាគ្នាជាមួយគ្រប់ភាគី, ការចូលទៅក្នុងប្រទេសក្នុងលក្ខខណ្ឌមនុស្សធម៌និង បញ្ចប់អរិភាពផងដែរ។
ក្នុងនោះ លោក អេរីវ៉ាន់ យូសូហ្វ (Erywan Yusof) បេសកជនពិសេសរបស់ប្លុកនេះ បាននិយាយកាលពីសប្តាហ៍មុនថា ភាពអសកម្មរបស់របបយោធាមីយ៉ាន់ម៉ាលើផែនការសន្តិភាពនោះគឺ «ដូចគ្នាទៅនឹងការដើរថយក្រោយ»។
គួរបញ្ជាក់ថា ការប្រជុំនេះ នឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញ និងមានប្រទេស ព្រុយណេ ជាម្ចាស់ផ្ទះ នេះបើយោងតាមប្រភពដែលមានមូលដ្ឋាននៅក្នុងប្រទេសសមាជិកអាស៊ាន ដែលរួមមានដូច ជាមន្ត្រីការទូត និងមន្ត្រីរដ្ឋាភិបាល៕
ប្រភព៖ Reuters